ក្រសួង​សាធារណការ ក្រើនរំលឹក​ម្តងទៀត ដល់ អ្នកបើកបរ​លើផ្លូវ​ល្បឿន​លឿន អំពី​ការប្រើប្រាស់​គន្លង​ផ្លូវ​

​ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សូម​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​អ្នកបើកបរ​លើផ្លូវ​ល្បឿន​លឿន​មេត្តា​ជ្រាបថា​៖

-​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​
​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​បើកបរ​តាម​គន្លង​ផ្លូវ​ខាងស្ដាំ​នៃ​ផ្លូវ​ល្បឿន​លឿន​ដែលជា​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​។​
-​គន្លង​វ៉ា​ជែង​
​ជា​គន្លង​ស្ថិតនៅ​ខាងឆ្វេង​ដៃ​បំផុត គឺ​សម្រាប់​ប្រើប្រាស់​ក្នុងការ​វ៉ា​ជែង​តែប៉ុណ្ណោះ មិនមែន​សម្រាប់​ចរាចរណ៍​ធម្មតា​ឡើយ​។​

​ក្នុងករណី​សុំ​ជែង អ្នកបើកបរ​យានយន្ត​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង​យ៉ាងតិច ៥​វិនាទី ហើយ​ត្រូវ​ងាក​ទៅ​គន្លង​ផ្លូវ​ខាងឆ្វេង​នៃ​ផ្លូវ​ល្បឿន​លឿន​ដែលជា​គន្លង​ផ្លូវ​សម្រាប់​ជែង​។ នៅពេល​ជែង​ផុត អ្នកបើកបរ​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងស្ដាំ​ដើម្បី​ងាក​ចូល​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​វិញ​។​

*​ក្នុងករណី​ចរាចរណ៍​មមាញឹក អ្នកបើកបរ​យានយន្ត​អាច​ប្រើប្រាស់​គន្លង​ផ្លូវ​ទាំង​២​បាន ដោយឡែក​រថយន្ត​ធុន​ធ្ងន់​ត្រូវប្រកាន់យក​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​ដដែល​។ ក្នុងករណីនេះ យានយន្ត​នៅតាម​គន្លង​ផ្លូវ​ណាមួយ​បើកបរ​លឿន​ជាង មិន​ចាត់ទុក​ជាការ​ជែង​ឡើយ ហើយ​យានយន្ត​ដែល​ស្ថិត​នៅក្រោយ​គេ​ត្រូវ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ជា​ដំណឹង​។​
-​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់​
​ជា​គន្លង​ផ្លូវ​សម្រាប់​ឈប់ ក្នុងករណី​យានយន្ត​ខូច ឬ​មាន​បញ្ហា​ផ្សេងៗ​ប៉ុណ្ណោះ​។​

​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​បងប្អូន​អ្នកបើកបរ ទាំងអស់​អនុវត្តតាម​ការ​ណែ​នេះ​ឱ្យបាន​ខ្ចា​ប់​ខ្ជួន​ដើម្បី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទាំងអស់​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close