មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ វាយតម្លៃការរៀបចំមានភាពរលូន គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី មានលក្ខណៈល្អប្រសើរខ្លាំង
យោងតាមរបាយការណ៍សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះ គឺកីឡាករ កីឡាការិនីចូលរួម មន្ត្រីបច្ចេកទេស គោរពបាននូវវិន័យ ក្រមសីលធម៌ខ្ពស់ រីឯកម្រិតគុណភាពនៃបច្ចេកទេសក៏មានលក្ខណៈល្អប្រសើរផងដែរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ការប្រកួតនេះ មានកីឡាករ កីឡាការិនីចូលរួមសរុប១២៤នាក់់ (កីឡាការិនី៤២នាក់) មកពី១២រាជធានី-ខេត្ត និង៤ស្ថាប័ន ដោយប្រកួតលើ៥វិញ្ញាសារួមមាន៖ វិញ្ញាសា ម្នាក់ទល់ម្នាក់ បុរស-នារី យុវជនក្រោម១៨ឆ្នាំ (យុវជន-យុវនារី) និងវិញ្ញាសាចម្រុះ បុរសម្នាក់ និងនារីម្នាក់ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែតុលាឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធដែលបានខិតខំរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នាពេលនេះ ប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាទាំង៥។
ឯកឧត្តមបន្ថែមថា ការរៀបចំការប្រកួតនេះមានភាពរលូន យុត្តិធម៌ ក្នុងការកាត់សេចក្តី ដោយមិនមានបាតុភាពអវិជ្ជមានណាមួយបានកើតឡើងនោះទេ ដោយនេះបានបញ្ជាក់ឲ្យឃើញពីកម្រិតសមត្ថភាពរបស់មន្ត្រីបច្ចេកទេសរៀបចំបានល្អប្រសើរ។ ចំណែកឯការចូលរួមប្រកួតរបស់កីឡាករ កីឡាការិនីបានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ប្រកបដោយភាពអង់អាចក្លាហាន ព្រមទាំងគោរពបាននូវវិន័យសេចក្តីថ្លៃថ្នូ ស្មារតីសាមគ្គីភាព យុត្តិធម៌ ក្នុងស្មារតីកីឡាកីឡាបានល្អប្រសើរផងដែរ។ ការខិតខំរបស់ថ្នាក់ដឹកនាំ សមាជិក និងកីឡាករ កីឡាការិនីប៉េតង់ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការត្រៀមខ្លួនយ៉ាងមោះមុត ស្របតាមកំណែទម្រង់ស៊ីជម្រៅនៃវិស័យកីឡា និងផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថាការអភិវឌ្ឍជំនាញកីឡានាពេលនេះ គឺអាស្រ័យដោយកត្តា និងគុណតម្លៃនៃសន្តិភាព ក្រោមការស្ថាបនាពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាក៏រីកចម្រើនជាបន្តបន្ទាប់ដូចគ្នាផងដែរ។
ជាមួយនឹងការលើកកម្ពស់លើគ្រប់វិស័យនេះ វិស័យកីឡាប៊ូល និងប៉េតងកម្ពុជាក៏បានអភិវឌ្ឍខ្លួនក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមជាមួយនឹងការកសាងបាននូវធនធានមនុស្សជាច្រើន ជាពិសេសគឺការឈ្នះមេដាយពីការប្រកួតជើងឯកពិភពលោកជាច្រើនយកមកជូនជាតិ ជាបន្តបន្ទាប់នាពេលកន្លងមក។
ឯកឧត្តមប្រធានសហព័ន្ធបន្ថែមទៀត ក្នុងការរៀបចំការប្រកួតប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ គឺក្នុងគោលបំណងបន្តលើកកម្ពស់វិស័យកីឡាមួយនេះឲ្យរិតតែល្អប្រសើរបន្ថែមទៀត នៃគោលដៅបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីបន្តវេន និងដុសខាត់សមត្ថភាពកីឡាករ កីឡាការិនីឲ្យមានសមត្ថភាពកាន់តែរីកចម្រើន ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។