ពលរដ្ឋ បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ់ …​ធ្វើបាតុកម្ម​ប្រឆាំង អតិផរណា​កើនឡើង​ខ្ពស់​

​ពលរដ្ឋ​នៅក្នុង​តំបន់​អឺរ៉ុប បានបង្ហាញ ការខកចិត្ត​យ៉ាងខ្លាំង ដោយសារតែ​ការចំណាយ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​។ ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​ពលរដ្ឋ​នាំគ្នា​ដង្ហែរ​ក្បួន​បាតុកម្ម ទាមទារ​ដំឡើង​ប្រាក់ខែ ទើប​គ្រាប់​គ្រាន់​សម្រាប់​ការចំណាយ​ខ្ពស់​។​

​បាតុកម្ម​បាន​រាលដាល​ដល់​ប្រទេស​ជាច្រើន នៅក្នុង​តំបន់​អឺរ៉ុប ទាមទារ​ឲ្យ​រដ្ឋាភិបាល កែទម្រង់​នយោបាយ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​របស់​ពល​រដ្ឋ​ល្អប្រសើរ​ឡើងវិញ ។ ក្រុមបាតុករ​ក៏បាន​ចាត់ទុកថា ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​គឺជា​មូលហេតុ​បណ្តាល​ឲ្យ​អឺរ៉ុប​ប្រឈម​បញ្ហា​ទាំងអស់នេះ​។​

​ពលរដ្ឋ​នៅក្នុង​ប្រ​ទេ​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ បារាំង​… នាំគ្នា​ធ្វើបាតុកម្ម ទ្រង់ទ្រាយ​ធំ​ប្រ​ឆំ​ង និង អតិផរណា​កើនឡើង​ខ្ពស់​។ នៅក្នុង​ប្រទេស​បារាំង បាតុករ​រាប់ម៉ឺន​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​ក្នុង​ទីក្រុង​ប៉ារីស ដោយ​បន្ថែម​ការប្រឆាំង​និង​កំហឹង​កាន់តែខ្លាំង​ឡើង​អំពី​បញ្ហា​អតិផរណា ដោយបាន​ឈានចូល​ដល់​៣​សប្តាហ៍​ហើយ​នៃ​កូដកម្ម នៅ​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​ប្រេងឥន្ធនៈ នៅ​ទូទាំងប្រទេស​បារាំង​។​

​បាតុកម្ម​ប្រឆាំងនឹង​ការកើនឡើង​តម្លៃ​ក្នុងសង្គម​កាលពី​ថ្ងៃអាទិត្យ ត្រូវបាន​អំពាវនាវ​ដោយ​គណបក្សប្រឆាំង​ឆ្វេងនិយម France Unbowed ដឹកនាំ​ដោយ​ប្រធាន​គណបក្ស គឺ លោក ហ្ស​ង់ លូច មេ​ឡុង​ឆុង ( Jean-Luc Melenchon)​។ វា​ជាការ​បង្ហាញ​កំហឹង​ប្រឆាំងនឹង​ផល​រំខាន​ដែល​បង្កឡើង​ការឡើង​ថ្លៃ​ចំណាយ និង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង ។​

​ក្រុម​អ្នករៀបចំ​បាតុកម្ម​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា «​ការដើរ​ដង្ហែ​ប្រឆាំងនឹង​ការកើនឡើង​ថ្លៃ​ចំណាយ និង​ភាព​អសកម្ម​ចំពោះ​វិបត្តិ​អាកាសធាតុ​»​។ អ្នករៀបចំ​បាន​និយាយថា មនុស្ស​១៤០,០០០​នាក់ បាន​ចូលរួម​ការជួបជុំ​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ ខណៈ​មុននេះ​ប៉ូលិស​ព្យាករ​ថា​មាន​មនុស្ស​ប្រហែល​៣០.០០០​នាក់ ចូលរួម​ប៉ុណ្ណោះ​។​

​សហជីព​បារាំង​ជាច្រើន​ប៉ុន្តែ​មិន​ទាំងអស់​ទេ បានប្រកាស​កំណត់​យក​ទិវា​ជាតិ​នៃ​កូដកម្ម​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដែល​រំពឹងថា​នឹង​អាច​ប៉ះពាល់​ដល់​ការធ្វើ​ចរាច​ណ៍​តាម​មធ្យោបាយ​សាធារណៈ និង​ការដឹកជញ្ជូន​នានា​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close