រុស្ស៊ី បង្កើនការវាយប្រហាររដ្ឋធានីអ៊ុយក្រែន, អឺរ៉ុប ហ្វឹកហាត់ទាហានអ៊ុយក្រែន ប្រើប្រាស់អាវុធ
នៅក្នុងគៀវ នៃប្រទេសអ៊ុយក្រែន មានករផ្ទុះខ្លាំងៗ ជាច្រើនលើក ហើយរដ្ឋាភិបាលអ៊ុយក្រែន ប្រកាសថា ជាលទ្ធផលនៃការបាញ់ប្រហារតាមដែនអាកាសពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។
សារព័ត៌មាន PravdaUkraine បានផ្សាយថា នៅថ្ងៃត្រង់ថ្ងៃទី ១៧ខែតុលា ទីក្រុងគៀវរងការវាយប្រហារដល់ទៅ ៣លើក ដោយក្នុងនោះ មាន ការផ្ទុះពីរលើកនៅមជ្ឈមណ្ឌល Shevchenkivskyi បណ្តាលឲ្យផ្ទះជាច្រើនខ្នងត្រូវឆាប់ឆេះ និងខូចខាត។ ចំណែកនៅយប់ថ្ងៃទី១៦ និងព្រឹកថ្ងៃទី ១៧ ខែតុលា ក៏មានករណីផ្ទុះជាច្រើន លើក នៅក្នុងទីក្រុង Mykolaiv, Dnipro និង Odessa។
ក្នុងពេលនេះដែរ ប្រទេសតំបន់អឺរ៉ុប ក៏បានបង្កើនការផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន ប៉ុន្តែ ក៏ត្រូវបណ្តុះបណ្តាល ទាហានអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធទាំងនោះ។ ដូច្នេះអឺរ៉ុបក៏បានសម្រេច ហ្វឹកហាត់កងទ័ពអ៊ុយក្រែនសរុប ១៥,០០០នាក់ ព្រមទាំងបន្ថែមថវិកាសម្រាប់ផ្គត់ផ្គង់សព្វាវុធផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) ត្រូវគេរំពឹងថា នឹងព្រមព្រៀងគ្នានៅថ្ងៃចន្ទនេះ លើបេសកកម្ម ផ្តល់ការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែនចំនួន ១៥,០០០នាក់ ចាប់ពីខែក្រោយទៅ ព្រមទាំងថវិកា៥០០លានអឺរ៉ូ (៤៨៧លានដុល្លារអាមេរិក) សម្រាប់ឧបត្ថម្ភការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ។
មន្ត្រីជាន់ខ្ពស់ EU ពីររូបបានប្រាប់ថា ការហ្វឹកហាត់យោធាខាងលើ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ហើយនឹងប្រព្រឹត្តទៅលើទឹកដីរបស់សហភាពអឺរ៉ុប ក្នុងនោះមួយកន្លែងស្ថិតនៅប្រទេសប៉ូឡូញ និងមួយកន្លែងទៀតស្ថិតនៅប្រទេសអាល្លឺម៉ង់។ កន្លងមកនេះ សមាជិក EU មួយចំនួន គឺបាននិងកំពុងផ្តល់ការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែនរួចជាស្រេច ស្តីពីការរបៀបប្រើប្រាស់សព្វាវុធផ្សេងៗ ហើយការបណ្តុះបណ្តាលនេះ នឹងនៅតែបន្ត។
ក្រុមប្រមុខការទូត EU ក៏នឹងព្រមព្រៀងគ្នាផ្តល់ថវិកាបន្ថែមចំនួន ៥០០លានអឺរ៉ូ ទៅក្នុងកញ្ចប់មូលនិធិ សម្រាប់ឧបត្ថម្ភបណ្តារដ្ឋជាសមាជិក EU ក្នុងការដឹកជញ្ជូនសព្វាវុធជួយអ៊ុយក្រែនផងដែរ។ ប្រការនេះធ្វើឱ្យចំនួនថវិកាសរុបដែល EU បានផ្តល់សម្រាប់សព្វាវុធដល់ទីក្រុងកៀវ កើនលើស៣ពាន់លានអឺរ៉ូហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។