ក្រសួង​ប្រៃសណីយ៍ ការលើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ក្នុងការ​ចាប់យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​

​ភ្នំពេញ​៖ តាងនាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ និង​សូម​ជូនពរ​ឱ្យ​ទទួលបាន​ជោគជ័យ និង​និទ្ទេស​ល្អ ក្នុងសម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០២១-២០២២ ដែល​នឹង​ខិតជិត​មកដល់ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​នៅក្នុង​យុគសម័យ​ឌីជីថល បច្ចេកវិទ្យា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ការធ្វើ​ធុរកិច្ច និង​ការផ្ដល់​សេវាសាធារណៈ និង​សេវា​ផ្សេងៗ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ទទួលបន្ទុក​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល ក្រសួង សូម​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ជាប់​ជា​ស្ថាពរ សូម​ពិចារណា​ចាប់យក​ការសិក្សា​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល និង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព ទទួលបាន​ឱកាស​ការងារ​ល្អ​មាន​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ចូលរួមចំណែក​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការកសាង​រដ្ឋាភិបាល សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏​រស់​រវើក​។​

​ជាថ្មី​ម្ដងទៀត ក្រសួង សូម​ជូនពរ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ទទួលបាន​ជោគជ័យ ក្នុងសម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០២១-២០២២ និង​សង្ឃឹម​ជឿជាក់ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា​កម្រិត​ជំនាញ ឬ​សាកលវិទ្យាល័យ ក្មួយៗ​នឹងចូលរួម​ចំណែក​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​រយៈពេល​វែង​និង​ប្រែក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នាពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close