គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងកើត ប្រាសាទតាព្រហ្ម សម្រេចបាន ៣៥%​ហើយ​

​គិត​ត្រឹម​ពាក់​កណ្ដាលខែ តុលា​នេះ គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម សម្រេចបាន​៣៥​ភាគរយ​ហើយ ដោយ​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ជួសជុល​ថ្ម និង​ដំឡើង​កាំ​ថ្ម​នៅ​ផ្នែក​ខាងជើង ក្រោយ​ផ្នែក​ខាងត្បូង និង​ដំបូល ជួសជុល​បាន​ប្រមាណ​៥០​ភាគរយ​។

​លោកស្រី នេ​ត ស៊ីម៉ន មន្ត្រី​បុរាណវិទ្យា នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​បង្ការ លើកឡើងថា ការងារ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម​មានការ​វិវត្តន៍​ច្រើន ទោះ​មានការ​រាំងស្ទះ​ខ្លះៗ​ដោយសារ​ភ្លៀង​ក្ដី​។ បច្ចុប្បន្ន​ការងារ​សម្រេចបាន​៣៥​ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣​។​

​រំ​ឮ​ក​ទៅ​ពេលមុន ស្ថានភាព​ខ្លោងទ្វារ​ខាងកើត​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​តួ​ខ្លោងទ្វារ​នេះ​បាន​ទ្រេត និង​មាន​ហានិភ័យ​ខ្ពស់​ដល់​ភ្ញៀវទេសចរ​។ ដោយ​មើលឃើញ​ដូច្នេះហើយ ទើប​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ឥណ្ឌា និង​មានការ​យល់ព្រម​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ បានចាប់ផ្តើម​ជួសជុល​ខ្លោងទ្វារ​នេះ​វិញ​នៅ​ដើមឆ្នាំ​២០២២​។​

​ចំពោះ​ដំណើរការ​ជួសជុល លោកស្រី នេ​ត ស៊ីម៉ន ពន្យល់ថា គឺ​ត្រូវ​រើ​ថ្ម​ទាំងអស់ ដើម្បី​ជួសជុល​ពង្រឹង​គ្រឹះ និង​រៀប​ថ្ម​ឡើងវិញ​។ ស្ថានភាព​ថ្ម​មួយចំនួន​តូច​មាន​ភាព​ពុកផុយ និង​ខ្លះ​បាន​បាត់ ដែល​តម្រូវឱ្យ​ប្រើប្រាស់​ថ្ម​ថ្មី តែ​ក្នុង​កម្រិត​តិច​តូច​ប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close