តួលេខ​ភ្ញៀវទេសចរ​ទូទាំងប្រទេស នា​សប្ដាហ៍​ទី​២ ខែតុលា ឡើងដល់​ជិត ១​លាន​នាក់​

​ភ្នំពេញ​៖ តួលេខ​ភ្ញៀវទេសចរ​ទូទៅ​ក្នុង​សប្តាហ៍​ទី​២ (​ចាប់ពី​ថ្ងៃទី​១០-១៦ ខែតុលា ២០២២) ឡើងដល់​ចំនួន​៩៣៨,៩២៨​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៩១៤,៥៤៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២៤,៣៨៥​នាក់​។

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តកំពង់ចាម ៤០១,៩២៩​នាក់​
* ខេត្ត​ព្រះសីហនុ ១៣៩,៥៩១​នាក់​
* ខេត្តបាត់ដំបង ១៣៥,៨៩៩​នាក់​
* ខេត្តព្រៃវែង ៦៨,៥២៥​នាក់​
* ខេត្តពោធិ៍សាត់ ៥៩,៨៤៥​នាក់​
* ខេត្តសៀមរាប ២៧,៨២២​នាក់​
* ខេត្តកំពត ២៣,២៤៦​នាក់​។​

​តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ​១៥០.៤៥% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ កំណើន​ភ្ញៀវ​ផ្ទៃក្នុង​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក ដោយសារ​រដ្ឋបាលខេត្ត​កំពង់ចាម ព្រៃវែង និង​ពោធិ៍សាត់​បានរៀបចំ​ពិធី​ប្រណាំងទូក បណ្តែតប្រទីប អុជ​កាំជ្រួច និង​តាំងពិព័រណ៍ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាច្រើន​កុះ​កុរ​។​

​ទន្ទឹមនឹងនេះ ខេត្ត​ព្រះសីហនុ​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជាច្រើន​ក្នុង​រយៈពេល​២​សប្តាហ៍​ជាប់​គ្នា បន្ទាប់ពី​មានការ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រយៈពេល​១​ខែ ចាប់ពី​ថ្ងៃទី​១-៣១ ខែតុលា ឆ្នាំ​២០២២​។​

​បណ្តា​ខេត្ត​ផ្សេងទៀត​ដែល​នៅជាប់​បណ្តោយ​ដង​ទន្លេ​បាន​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក ទៅតាម​ពេលវេលា​សមស្រប និង​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close