ក្រសួងពាណិជ្ជកម្ម បានត្រៀមរួចជាស្រេច ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហារ និងផលប៉ះពាល់ដោយសារទឹកជំនន់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដជាសេនាធិការ បានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហារ និងផលប៉ះពាល់នានា ដែលបង្កឡើងដោយសារទឹកជំនន់។
ការលើកឡើងនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្ដមរដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ ដែលបង្កឡើងដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនកន្លងទៅ ដោយផ្អែកតាមលិខិតរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក៏ដូចជា តាមការណែនាំផ្ទាល់ពី ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន ៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា ក្នុងនោះរួមមាន ៖
១- ខេត្តកំពង់ធំ ចំនួន ៧.៨២៥គ្រួសារ
២- ខេត្តបន្ទាយមានជ័យ ចំនួន ២.៧៥០គ្រួសារ
៣- ខេត្តបាត់ដំបង ចំនួន ១.០០០ គ្រួសារ
៤- ខេត្តព្រះវិហារ ចំនួន ២៤៧គ្រួសារ
៥- ខេត្តឧត្តរមានជ័យ ចំនួន ២៥០គ្រួសារ
៦- ខេត្តសៀមរាប ចំនួន ៥.៩១៤គ្រួសារ (បញ្ចេញ ២ លើក ក្នុងបរិមាណសរុប ១០.០៥០ គ្រួសារ)។
សរុបរួម គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់ ដែលក្នុងមួយកញ្ចប់ មានអង្ករចំនួន ២៥ គ.ក្រ, មី ០១ កេស (២៤កញ្ចប់), ទឹកត្រី ០១ យួរ (០៦ ដប), ទឹកស៊ីអ៊ីវ ០១យួរ (០៦ ដប), ទឹកសុទ្ធ ១ កេស (១២ ដប ១ ដបចំណុះ ១,៥ លីត្រ) និងត្រីខកំប៉ុង ០១ យួរ (១០ កំប៉ុង)។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា តាមកិច្ចប្រជុំថ្នាក់បច្ចេកទេសនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែកជូនប្រជាពលរដ្ឋជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន ១០.០៥០ គ្រួសារ និងត្រៀមជាស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ជូនថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។