ធនាគារជាតិ​នៃ​កម្ពុជា ជូនដំណឹង​ស្តីពី​ការអនុគ្រោះ​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​បាន​រង​ផលប៉ះពាល់​ជាក់ស្តែង ដោយសារ​ទឹកជំនន់​

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការអនុគ្រោះ​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​បាន​រង​ផលប៉ះពាល់​ជាក់ស្ដែង ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​។​

​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹងថា ក្នុងស្ថានភាព​ដែល​ខេត្ត​មួយចំនួន​នៅ​កម្ពុជា បាន និង​កំពុង​ជួបប្រទះ​បញ្ហា​ទឹកជំនន់​ធ្ងន់ធ្ងរ និង​អនុវត្តតាម​ប្រសាសន៍​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ និង​ក្រោយពី​បាន​ពិភាក្សា​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា សូម​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​ចូលរួម​សហការ​ល្អ​ក្នុង​ក្របខណ្ឌ កិច្ចការពារ​អតិថិជន និង​បន្ត​ការអនុគ្រោះ​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ តាម​លក្ខខណ្ឌ​
​ដូចខាងក្រោម​៖

– ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន​
– ការបន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​
– ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់​
– ការពន្យារ​ឥណប្រតិទាន​
– ការបន្ថែម និង​/​ឬ ការផ្លាស់ប្ដូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន​
– ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន (Bullet Loan)
– ការលើកលែង ឬ បន្ថយ​ទ្រព្យ​ធានា​
– ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា និង​/​ឬ​
– ការផ្តល់​រយៈពេល​អនុ​គ្រោះ​ដោយ​គ្មាន​ការទូទាត់​សង (Grace period) ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​

​ទន្ទឹមនេះ ដើម្បី​រួមចំណែក​សម្រាល​បន្ទុក ក៏ដូចជា​ជួយ​ស្តារ​ជីវភាព​របស់​អ្នក​ខ្ចីប្រាក់ គ្រឹះស្ថាន​គួរ​ពិចារណា ផ្តល់​ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយ​ការប្រាក់​និង​កម្រៃ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន​និង​/​ឬ លើកលែង​ការផាកពិន័យ និង​ចៀសវាង​ការ​រឹបអូស​ទ្រព្យ​ធានា​របស់​អ្នក​ខ្ចីប្រាក់ ជាដើម​។​

​ធនាគារជាតិ​នៃ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ នឹង​បន្ត​ចូលរួម​សហការ​អនុវត្ត ប្រកបដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ខ្ពស់ ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​អ្នក​ខ្ចីប្រាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close