កំពង់ផែស្វយ័តភ្នំពេញ រកចំណូលជាង ៣០លានដុល្លារ កើនឡើង២១% ក្នុងពេល៩ខែ ឆ្នាំនេះ
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣០,៣៣១,៤៨១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង២១% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ២៥,០០៧,៩៤១ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ រួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន២៥,០៥១,៤៩៨ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,១៩៣,៦៦៩ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១២,២៨៧ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,៨៧៤,០២៧ដុល្លារ។
ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៩ខែ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖
ទី១៖ ទំនិញ-ប្រេងឥន្ធនៈមានចំនួន៣,០៦៨,២៤២តោន កើនឡើង៥.២៣% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២,៩១៥,៨៧៥តោន។
ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន២,៧៤៣ជើង កើនឡើង៥៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១,៧៤៤ជើង។
ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ៣២៩,០៤៣ធីអ៊ីយូ កើនឡើង២៨.៣៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២៥៦,៤០៧ធីអ៊ីយូ។
ទី៤៖ នាវាទេសចរណ៍ មានចំនួន១៦ជើង កើនឡើង១៦.០០ភាគរយ។
ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន៨៦៨នាក់ កើនឡើង៨៦៨.០០ភាគរយ។
គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧០៧,៨៣១ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។