ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនគួរជាកន្លែងរត់ដណ្តើមម៉ូយអនាធិបតេយ្យនោះទេ
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារអន្តរជាតិផ្លូវគោករវាងប្រទេសកម្ពុជា និងថៃ ដែលមានអ្នកដំណើរអន្តរជាតិឆ្លងកាត់ច្រើនបំផុត ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបានសម្រេចធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទីនោះ ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ពេលនេះ បែរជាមានក្រុមអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់កងបី ធ្វើសកម្មភាពចាប់ម៉ូយយ៉ាងអនាធិបេតយ្យនៅខាងមុខច្រកទ្វារមួយនេះ ដែលជាច្រកទ្វារអន្តរជាតិដ៏ធំរបស់កម្ពុជានោះ។
ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅផ្សាររុងក្លឿប្រទេសថៃ បានឱ្យដឹងថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃឯកភាពគ្នា លើបើកច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ច្រកទ្វារប៉ោយប៉ែត-ខ្លងលឹកនេះ យ៉ាងសស្រាក់សស្រាំ ដែលជាហេតុធ្វើឱ្យក្រុមអ្នករត់ម៉ូតូឌុប និងក្រុមកង់បីឥណ្ឌា នាំគ្នារត់ដណ្តើមចាប់ម៉ូយដឹកប្រសេចប្រសាច គ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើយ និងបានធ្វើឱ្យភ្ញៀវទេសចរខ្លះមិនសប្បាយចិត្ត ព្រោះតែសកម្មភាពក្រុមអ្នករត់ម៉ូតូឌុបទាំងនោះ ឈ្លោះប្រកែកគ្នាដណ្តើមភ្ញៀវ និងខ្លះទៀតបន្លំយកអីវ៉ាន់ភ្ញៀវក៏មានដែរ។ បែរទៅមើលអាជ្ញាធរច្រក បានត្រឹមធ្វើមិនដឹងមិនឮ ឈរមើលក្រុមម៉ូតូឌុប និងក្រុមរត់កង់បីឈ្លោះដណ្តើមគ្នាទៅវិញ។
យ៉ាងណាក៏ដោយសកម្មភាពទាំងនេះ មិនគួរកើតមាននោះទេ ព្រោះថា ច្រកទ្វារអន្តរជាតិនេះ គឺជាច្រកដ៏សំខាន់ដើម្បីបង្ហាញពីមុខមាត់របស់ប្រទេសមួយទៅកាន់ទេសចរដែលឆ្លងកាត់។ ដូច្នេះគេរំពឹងអាជ្ញាធរដែលគ្រប់គ្រងនៅទីនោះ នឹងចាត់វិធានការរៀបចំសណ្តាប់ធ្នាប់នេះឱ្យល្អប្រសើរ។
សូមបញ្ជាក់ដែរថា ក្រុងប៉ោយប៉ែតមានច្រកទ្វារអន្តរជាតិចំនួន២កន្លែងរួមមាន៖ ទី១.ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទី២.ច្រកទ្វារអន្តរជាតិស្ទឹងបត់ដែលគ្រោងនឹងបើកដំណើរនៅពេលឆាប់ៗខាងមុខនេះ។ សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើកដំណើរការឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចេញ-ចូល និងច្រកទ្វារអន្តរជាតិស្ទឹងបត់នៃសង្កាត់ផ្សារកណ្តាល ជាច្រកដឹកទំនិញចេញ-ចូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។