សម្ដេច សាយ ឈុំ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​វៀតណាម​

​ភ្នំពេញ​៖ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២​។​

​ទស្សនកិច្ច​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក វឿ​ង ឌិ​ញ​ហ្វេ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ព្រឹទ្ធសភា​។​

​ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ និង​រវាង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​រដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព កម្ពុជា​-​វៀតណាម​។​

​បើតាម​សេចក្តីប្រកាស​របស់​ព្រឹទ្ធសភា​កម្ពុជា​, អំឡុងពេល​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្ដេច​ប្រធានព្រឹទ្ធសភា នឹង​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រួមមាន​៖ លោក ង្វៀន ហ្វ៊ី​ចុង អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​វៀតណាម លោក វឿ​ង ឌិ​ញ​ហ្វេ ប្រធានរដ្ឋសភា​វៀតណាម និង​លោក ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម ព្រមទាំង​ឥស្សរជន ជាន់ខ្ពស់​វៀតណាម​មួយចំនួនទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close