អឺរ៉ុប នឹងត្រូវ​ប្រឈមមុខ​កា​ន់​តែ​ខ្លាំង​ពី​កង្វះ​ថាមពល ដោយសារ​ដាក់ទណ្ឌកម្ម​រុស្ស៊ី​

​នៅពេលនេះ​ប្រទេស OPEC បានសម្រេច​កាត់បន្ថយ​ការផលិត​ប្រេង រហូតដល់​ទៅ​២​លាន​បារ៉ែល​ក្នុង​មួយថ្ងៃៗ បាន​បង្កក្តី​បារម្ភ​កាន់តែខ្លាំង ដល់​បណ្តា​ប្រទេស​តំបន់​អឺរ៉ុប ពី​តម្លៃ​ថាមពល​ឡើងថ្លៃ​និង​កង្វះ​ថាមពល​កាន់តែខ្លាំង​។​

​នៅពេលនេះ រដ្ឋមន្ត្រីក្រសួង​ថាមពល​ប្រទេស​កាតារ​បាន​ព្រមាន​ថា ការកាត់បន្ថយ​ប្រភព​ផ្គត់ផ្គង់​ថាមពល​ពី​រុស្ស៊ី​នឹង​បង្កឱ្យមាន​វិបត្តិ​ទ្រង់ទ្រាយ​ធំ​ហើយ​អូសបន្លាយ រយៈពេល​វែង​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Financial Times បាន​ផ្សាយ​ថា រដ្ឋមន្ត្រីក្រសួង​ថាមពល​កាតារ លោក Saad al-Kaabi បានឱ្យដឹងថា អឺរ៉ុប​នឹងត្រូវ​ប្រឈម​វិបត្តិ​កង្វះ​ថាមពល​យ៉ាងខ្លាំង​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ដោយសារតែ​ការសម្រេច​កាត់ផ្តាច់​ពាណិជ្ជ​កម្ម​ជាមួយ​រុស្ស៊ី​។​

​ប្រទេស​កាតារ​បច្ចុប្បន្ន គឺជា​ប្រទេស​នាំចេញ​ថាមពល​ហ្គាស​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​។ តាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី Saad al-Kaabi បាន​បញ្ជាក់ថា អឺរ៉ុប​ទាំងមូល​កំពុង​ស្វែងរក​ប្រភព​ផ្គង់​ផ្គង់​ផ្សេងទៀត​ជំនួស​រុស្ស៊ី​ដែល​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​។​ ​តាម​ការលើកឡើង​រប​ស់លោក Saad al-Kaabi ប្រសិនបើ​ទីក្រុង Brussels មិន​ទិញ​ថាមពល​ហ្គាស​ពី​រុស្ស៊ី​នោះ គឺ​បញ្ហា​ប្រឈមមុខ​នៅ​អឺរ៉ុប​ពិតជា​ធំ​និង​យូរអង្វែង​។​

​លោក al-Kaabi ក៏បាន​ព្រមាន​ថា បើទោះបី​អឺរ៉ុប​ប្រកាសថា បាន​រក្សាទុក​ថាមពល​គ្រាប់​គ្រាន់​សម្រាប់​ប្រើប្រាស់​នៅ​រដូវរងា​ឆ្នាំនេះ​ក្តី ប៉ុន្តែ​មិន​ប្រាកដថា​នឹងមាន​អ្វី​បន្ត​កើតឡើង​នៅ​រដូវរងា​នៅ​ឆ្នាំក្រោយ​ទៀតឡើយ​។ លោក al-Kaabi បាន​បញ្ជាក់ថា «​នៅ​រដូវរងា​ឆ្នាំនេះ​អាច​ឆ្លង​ផុត ដោយមាន​ថាមពល​រក្សាទុក ចុះ​ចំណែក​ឆ្នាំក្រោយៗ ទៀត​តើ​អឺរ៉ុប​មាន​ប្រភព​ថាមពល​ពី​ណា​មក​បំពេញ​ឃ្លាំង​ស្ទុ​កទៀត​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close