សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​លើក​ទី​៣ ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ជួប​សំណេះសំណាល​ជា​លើក​ទី​៣ ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ១,៨៥៣​គ្រួសារ​ទៀត ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​តាំង​ទីលំនៅ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី រុន​តា​ឯក​។​ កិច្ច​សំណេះសំណាល​នេះ បានធ្វើ​ឡើង​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាទី​តាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ​ការរុះរើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជំនួប​នាពេលនេះ​ជា​លើកចុងក្រោយ​ជាមួយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​មក​រស់នៅ​រុន​តា​ឯក តែ​មិនមែនជា​ជំនួប​ចុងក្រោយ​សម្រាប់​ដំណាក់កាល​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​នោះទេ ពីព្រោះ​សម្តេច​នឹងមាន​ជំនួប​ច្រើនលើក​ទៀត​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​គាំទ្រ​ការរៀបចំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​បាន​ស្ម័គ្រចិត្ត​រើចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទៀត ថា ការបំពាន​គោលការណ៍​របស់​អង្គការ​យូណេស្កូ គឺ​នឹង​ធ្វើឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង ត្រូវ​ដកចេញ​ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រើ​សំណង់​ចេញពី​តំបន់​អង្គរ និង​តំបន់​ដទៃទៀត​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា គឺជា​សម្រេចចិត្ត​មួយ​ដ៏​ឆ្លាត​វៃ និង​ត្រឹមត្រូវ​បំផុត​សម្រាប់​ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​យើង​។

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រាប់​ពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​រើចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គ​រថា បើ​អាជ្ញាធរ​មិនទាន់មាន​ការរៀបចំ​ដី​ថ្មី​ស្អាត​រួចរាល់​ទេ គឺ​កុំ​ទាន់​រើ​ពី​កន្លែងចាស់​។ ហើយ​សម្ដេច​បានបញ្ជាក់​ឲ្យ​អាជ្ញាធរ​ត្រូវតែ​រៀបចំ​កន្លែង​ថ្មី​ឱ្យបាន​ស្អាតបាត​សិន ទើប​យក​ប្រជាពលរដ្ឋ​មក ពីព្រោះ​សម្ដេច​មិន​ចង់យក​ប្រជាជន​មក​ទុកចោល​នោះទេ​។
​ថ្ងៃនេះ សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ និង​ប្រកាស​ឈ្មោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជាស​ទ្ធា​ជ្រះថ្លា​ក្នុងការ​សាងសង់​វត្ត​អារាម​នៅ​តំបន់​រុន​តា​ឯក​នេះ ដែល​សរុប​បច្ច័យ​សាងសង់​ដែលមាន​ការចូលរួម​ពី​សប្បុរសជន​នា​ថ្ងៃនេះ គឺ​ទទួលបាន​ប្រមាណ​ជា​១​លាន​ដុល្លារ​ផងដែរ​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យមាន​ការ​ព​ន្លឿ​ន​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​មក​រស់នៅ​តំបន់​រុន​តា​ឯក និង​ពាក់​ស្នែង​។ សម្តេច​តេ​ជោ​សង្ឃឹមថា ពលរដ្ឋ​នៅ​រុន​តា​ឯក និង​ពាក់​ស្នែង នឹង​រក្សាទុក​ដី​ជា​កេរដំណែល​ក្នុង​គ្រួសារ ដោយ​មិន​លក់​នោះទេ​។​ ​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ឱ្យដឹងថា អគ្គិសនី​កម្ពុជា បានរៀបចំ​ប្រព័ន្ធ​ខ្សែភ្លើង​នៅ​តំបន់​រុន​តា​ឯក និង​ពាក់​ស្នែង ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជា ៦​លាន​ដុល្លារ ប៉ុន្ដែ​អគ្គិសនី​កម្ពុជា មិន​ទាមទារ​ប្រាក់​ពី​រដ្ឋាភិបាល​ឡើយ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ទាំងនេះ​។ សម្ដេច​តេ​ជោ​បន្ដថា អគ្គិសនី​នឹងដាក់​ទីស្នាក់ការ​អគ្គីសនី​នៅ​តំបន់​រុន​តា​ឯក​នេះ ខណៈ​រាជរដ្ឋាភិបាល ប្រគល់​ដី​ជាង​កន្លះ​ហិកតា ដើម្បី​ប្រតិបត្តិការ​អគ្គិសនី​នៅ​តំបន់​នេះ​។​

​ទាក់ទង​រឿង​បញ្ហានយោបាយ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ជា​ផ្លូវការ​ថា សម្តេច​អាច​នឹង​ចុះហត្ថលេខា លើកលែងទោស​ចំពោះ​បុគ្គល​ណាក៏ដោយ ដែល​សម្រេច​ដកខ្លួន​ចេញពី​ជន​ក្បត់ជាតិ​បី​ជំនាន់ ខណៈ​ជន​ក្បត់ជាតិ​នេះ សម្តេច​នឹង​កំចាត់​ចោល​នូវ​មនោគមវិជ្ជា​ជ្រុលនិយម​នេះ​ឲ្យ​ខាងតែបាន​។ ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ជាថ្មី​ម្តងទៀត​ផងដែរ​ថា ប្រសិនបើ​គណបក្សនយោបាយ​ណាក៏ដោយ ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​ទណ្ឌិត​សម រង្ស៊ី ដែលជា​ជន​ក្បត់ជាតិ បី​ជំនាន់​នេះ សម្តេច​តេ​ជោ​នឹង​ប្តឹងទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នោះ​ចោល​ភ្លាម​។ ​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ​ក៏​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន រក​ទទួលទាន​មានបាន ជាពិសេស​បងប្អូន​ដែល​មក​តាំងទី​លំនៅ​ថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close