ក្មេងស្ទាវពីរក្រុមជិះម៉ូតូដេញវៃគ្នា ជ្រុលទៅបុកក្លោងទ្វារទន្លេអុំស្លាប់២នាក់
សៀមរាប ៖ យុវជនចំនួន២នាក់បានស្លាប់យ៉ាងអណោចអធម ក្រោយពីជិះម៉ូតូទៅបុកនឹងក្លោងទ្វាទន្លេអុំ ឆ្ពោះទៅកាន់ប្រាសាទបាយ័ន ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប កាលពីវេលារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បណ្តាលឲ្យម្នាក់ស្លាប់នៅលើផ្លូវជាប់ខឿន និងម្នាក់ទៀតហោះប្លោងជាប់នៅលើខឿនក្លោងទ្វារស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ ជនរងគ្រោះមានឈ្មោះ ១.ឈ្មោះ ឡិក ឡូ ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅលើផ្លូវជាប់ខឿនក្លោងទ្វា) និង ២.ឈ្មោះ កុយ ការ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំរើល ស្រុកពួកខេត្តសៀមរាប (ស្លាប់នៅលើខឿនក្លោងទ្វា)។
ពួកគេបានបើកម៉ូតូ ១គ្រឿង ម៉ាក់ទ្រីមសង់ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាក់លេខ សៀមរាប 1R-6319 ដោយមិនពាក់មួកសុវត្តិភាព ក្នុងល្បឿន ទៅបុកបង្គោលថ្ម របស់អាជ្ញាធរអប្សរា ផ្លោងទៅបុកឃឿនក្លោងទ្វាទន្លេអុំ បណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។
បើតាមការបំភ្លឺពីឈ្មោះ ស៊ាប សាយ អាយុ១៩ឆ្នាំ និងឈ្មោះ មិន សូវនៃ អាយុ១៨ឆ្នាំ ដែលជាមិត្តភក្តិជនរងគ្រោះទាំងពីរបាននិយាយថា នៅវេលាម៉ោងជិត៦ល្ងាច ពួកខ្លួនទាំង ៤នាក់បានចេញពីកន្លែងធ្វើការនៅផ្ទះសំណាក់មួយយីហោ សែនសុខ៩៩ ស្ថិតនៅភូមិជន្លង់សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាំគ្នាជិះម៉ូតូចំនួន ២គ្រឿងទៅផ្លូវ ៦០ម៉ែត្រប៉ុន្តែមិនបានឈប់នោះទេគឺបន្តដំណើរបតឡើងទៅស្ពានអង្គរជិះដល់ចំណុចផ្លូវកែងទី១ នៃទក្សិណអង្គរស្រាប់តែមានមនុស្សប្រុសវ័យជំទង់ចំនួន ៤ នាក់ជិះ ម៉ូតូចំនួនពីរគ្រឿង ម៉ាកឌ្រីមសង់ពណ៌ខ្មៅ (មិនចាំស្លាកលេខ) បានស្ទាក់ចាំហើយស្រែកថា វាយពួកអានេះមើល ភ្លាមនោះគេបានបើកប្រដេញទៅវាយជនរងគ្រោះឈ្មោះកុយ ការ ចំនួន ១ដៃ ចំកញ្ចឹងករ បន្ទាប់មកពួកខ្លួនទាំង ៤នាក់ បានបើកម៉ូតូគេចទៅទិសខាងលិច ដល់ចំណុចផ្លូវកែងអក្សរ T នៃទក្សិណអង្គរ ប៉ែកខាងលិច ខ្លួននិងឈ្មោះ មិន សូម៉ៃ ក៏បានបត់ឡើងទៅទិសខាងត្បូង តាមផ្លូវកូម៉ៃ ចំណែកជនរងគ្រោះទាំងពីរបានបើកទៅទិសខាងជើងបាត់ លុះដល់ប្រហែលម៉ោងជិត៧យប់ ក៏បានទូរស័ព្ទទៅឈ្មោះ កុយ កាន ស្រាប់តែមានអ្នកផ្សេងលើកទទួលហើយប្រាប់ថាជនរងគ្រោះបានបើកម៉ូតូបុកខឿនទ្វារទន្លេអ៊ុំបណ្ដាលឲ្យស្លាប់ទាំងពីរនាក់បាត់ទៅហើយ ទើបពួកខ្លួនទៅកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។