រដ្ឋមន្ត្រីអាស៊ាននឹងពិភាក្សាលើបញ្ហាមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំថ្ងៃទី ២៧ តុលា

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍នឹងបើកកិច្ចប្រជុំពិសេសនៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា។

កិច្ចពិភាក្សានៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា នឹងគ្របដណ្ដប់លើការអនុវត្តការព្រមព្រៀងសន្តិភាពប្រាំចំណុច ដែលបានព្រមព្រៀងជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំមុន ដើម្បីព្យាយាមបញ្ចប់ជម្លោះនៅក្នុងប្រទេស នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានប្រាប់សារព័ត៌មានរ៉យទ័រ។ លោក សុន្ទរី បានលើកឡើងថា កិច្ចប្រជុំនឹងស្វែងរកការផ្ដល់អនុសាសន៍អំពីរបៀបជំរុញដំណើរការសន្តិភាពនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កម្ពុជាជាប្រធានអាស៊ានបច្ចុប្បន្ន។ អាស៊ាន ដែលមីយ៉ាន់ម៉ាជាសមាជិក បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែប្រទេសមួយចំនួនក្នុងប្លុក ១០ ប្រទេសមួយនេះមានការខឹងសម្បារកាន់តែខ្លាំងឡើង ដោយសារកង្វះវឌ្ឍនភាពដោយរបបយោធាអនុវត្តផែនការ ដែលរួមមានការចូលរួមជាមួយគូប្រជែងរបស់យោធា និងការបញ្ឈប់អរិភាព។

គួររំឭកថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បាននិយាយកាលពីខែមុនថា អាស៊ានចាំបាច់ត្រូវសម្រេចចិត្តនៅខែវិច្ឆិកា ថាតើការព្រមព្រៀងសន្តិភាពនៅតែពាក់ព័ន្ធឬយ៉ាងណា។

ប្រទេសមីយ៉ាន់ម៉ាបានជាប់ក្នុងវដ្តនៃអំពើហិង្សាចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយឃុំខ្លួនលោកស្រី និងសកម្មជនរាប់ពាន់នាក់ និងបើកការបង្ក្រាបយ៉ាងបង្ហូរឈាមលើការតវ៉ា និងការប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close