អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូង ប្រវែង២៥ម៉ែត្របន្ថែមទៀត
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល ប្រវែងសរុប២៥ម៉ែត្របន្ថែមទៀត ខណៈដែលស្ថានភាពទីតាំងមានសភាពទ្រុឌទ្រោម និងស្រុតខ្លាំង។
អ្នកស្រី ស៊ឹម ដានី មន្ត្រីបច្ចេកទេសផ្នែកអភិរក្ស និងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល លើកឡើងថា នេះជាគម្រោងដំណាក់កាលទី៣ ដែលបានចាប់ផ្តើមពីខែ សីហាមក។ ការងារទាំងនេះគឺផ្តោតលើការពង្រឹងគ្រឹះ និងចំណុចដែលមានហានិភ័យខ្លាំងនូវច្រាំងកសិន្ធុដោយសារស្ថានភាពមានការស្រុតខ្លាំង។
ចំពោះដំណើរការជួសជុល អ្នកស្រី ស៊ឹម ដានី ពន្យល់ថា ក្រុមការងារកំពុងរើថ្មរំកិលទៅទីតាំងផ្សេង ដើម្បីងាយស្រួលជួសជុល និងរៀបចំបុកបង្ហាប់ដីឱ្យមានសភាពរឹងមាំនៅផ្នែកគ្រឹះ មុននឹងរៀបចំដំឡើងថ្មឡើងវិញ។ អ្នកជំនាញពន្យល់ថា ស្ថានភាពច្រាំងកសិន្ធុនេះមានសភាពស្រុតខ្លាំង ដោយសារបេតុងដែលប្រើនៅជំនាន់បារាំងនាអំឡុងឆ្នាំ ១៩៦២ អស់គុណភាព ដូច្នេះតម្រូវឱ្យរើចេញ និងជំនួសដោយបាយអរដែលជាបច្ចេកទេសបុរាណវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។