មន្ត្រី​ចរាចរណ៍​នៅ​គោលដៅ​ស្តុ​ប​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេទុង ដែល​ប្រព្រឹត្ត​កំហុស ត្រូវបាន​ដក​ឋានន្តរសក្តិ​មួយកម្រិត និង​បញ្ឈរជើង ៣​ខែ

​ភ្នំពេញ​៖ សេចក្តី​បកស្រាយ​បំភ្លឺ​ព័ត៌មាន របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​មន្ត្រី​នៅ​គោលដៅ​ស្តុ​ប​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេទុង ដែល​បាន​ប្រព្រឹត្ត​កំហុស ដោយបាន​ហៅ​ឃាត់​រថយន្ត​មក​ធ្វើការ​ផាកពិន័យ ដោយ​អ្នកបើកបរ​មិនមាន​កំហុស បន្ទាប់ពី​បានឃើញ​វីដេអូ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ភ្លាម ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស ការិយាល័យ​បុគ្គលិក ផ្នែក​វិន័យ ធ្វើការ​កោះហៅ​មន្ត្រី​គោលដៅ​ទាំង​៤​រូប មក​សួរ​នាំនៅ​ការិយាល័យ ក្រោយ​ធ្វើការ​សួរនាំ​រួច មន្ត្រី​ទាំង​៤​រូប បាន​សារភាព​កំហុស និង​បានទទួល​ស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត ដោយ​ហៅ​អ្នកបើកបរ​ធ្វើការ​ផាកពិន័យ មិន​ចេញ​វិក្កយបត្រ ស្រប​ពេលដែល​អ្នកបើក​បរ​មិនមាន​កំហុស​ទាល់តែសោះ ។

​ដោយ​ទទួលបាន​បទបញ្ជា និង​ការឯកភាព​ពី​ឯកឧត្តម​ស្នងការ ផ្នែក​វិន័យ នៃ​ការិយាល័យ​បុគ្គលិក បានសម្រេច​ដក​មន្ត្រី​ទាំង​៤​រូបនេះ មក​បញ្ឈរជើង​រយៈពេល​៣​ខែ បង្ហាញមុខ​ជាប្រចាំ​រាល់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ​បុគ្គលិក ធ្វើ​កិច្ចសន្យា ជាពិសេស មន្ត្រី​ដែល​ប្រព្រឹត្ត​កំហុស​ត្រូវបាន​ដក​ឋានន្តរសក្តិ​មួយកម្រិត (​ដក​មួយ​សក្តិ​) ដើម្បី​ជាការ​ព្រមាន​ចំពោះ​ការប្រព្រឹត្ត​កំហុស​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ០៩:១៥​នាទី​ព្រឹក នៅ​ចំណុច​គោលដៅ​ស្តុ​ប​ទន្លេបាសាក់ តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង មាន​ករណី​ផាកពិន័យ​ពុំ​ត្រឹមត្រូវ និង​មិន​ចេញ​វិក្កយបត្រ ប្រព្រឹត្ត​ដោយ​ក្រុមមន្ត្រី​នៅ​គោលដៅ​នោះ ទៅលើ​រថយន្ត​មួយគ្រឿង​ម៉ាក ISUZU ពណ៌​ទឹកប្រាក់ ខណៈពេល​អ្នកបើកបរ​ពុំបាន​ប្រព្រឹត្តល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍​ឡើយ (​ភ្លើងពណ៌​បៃតង​) ដោយមាន​ភស្តុតាង​ជា​វីដេអូ​កាមេរ៉ា​ភ្ជាប់​នៅក្នុង​រថយន្ត ពេល​កំពុងបើក​បរឆ្ល​ង​ស្តុ​ប​។ លុះដល់​ព្រឹក​ថ្ង​ទី​២២ ខែតុលា ឆ្នាំ​២០២២ មាន​បែកសារ​ជា​សម្លេង​ទទួលកំហុស​ដែល​លោក​អនុសេនីយ៍ទោ ព្រំ ចាន់​ដា​រ៉ា បាន​យក​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​អនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើ​សារ​ទៅកាន់​ម្ចាស់​រថយន្ត ដើម្បី​ផ្ទេរប្រាក់​ជូន​វិញ និង​ស្នើសុំ​លុប​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ប៉ុន្តែ​ត្រូវបាន​ម្ចាស់​រថយន្ត​បដិសេធ ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​ក្នុង​ការទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ក្នុងករណី​មាន​មន្ត្រី​រូប​ណា​ដែល​អនុវត្ត​ខុសពី​ការណែនាំ ឬ​ផ្ទុយ​ពី​ច្បាប់​ដែល​បានកំណត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close