មនុស្ស៣នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើង ក្នុងករណីផ្ទុះអាវុធនៅសាលារៀនមួយកន្លែង ក្នុងទីក្រុងសេនលូវីស
មីសស៊ូរី ៖ ខ្មាន់កាំភ្លើងអាយុ១៩ឆ្នាំម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅសាលារៀនកម្រិតវិទ្យាល័យមួយកន្លែង ក្នុងទីក្រុងសេនលូវីស (St. Louis) នៃរដ្ឋមីសស៊ូរី (Missouri) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ផ្តាច់ជីវិតមនុស្ស២នាក់ និងបង្កឱ្យរបួស៧នាក់ផ្សេងទៀត មុនពេលជនសង្ស័យរូបនោះ ត្រូវបានក្រុមមន្ត្រីប៉ូលិសបាញ់សម្លាប់។
ចេតនានៅពីក្រោយករណីអំពើហិង្សាដោយកាំភ្លើងខាងលើ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែលោក ម៉ៃ ស៊ែក (Mike Sack) ស្នងការប៉ូលិសទីក្រុងសេនលូវីស បានសន្និដ្ឋានជាបឋមថា ជនសង្ស័យប្រហែលមានជំងឺផ្លូវចិត្ត។ បើតាមលោក ស៊ែក ខ្មាន់កាំភ្លើង ប្រដាប់ដោយកាំភ្លើងវែងរ៉ៃហ្វាល់ (rifle) មួយដើម ខណៈប៉ូលិសបានបាញ់តតាំងគ្នាជាមួយជនសង្ស័យ ក្រោយសម្រុកចូលក្នុង សាលារៀន ហើយខ្មាន់កាំភ្លើងត្រូវបានបាញ់ស្លាប់ នៅរយៈពេល១៥នាទី ក្រោយសកម្មភាពបាញ់សម្លាប់មនុស្សបានចាប់ផ្តើម។
ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា មានឈ្មោះ អ័រលេនដូ ហារីស (Orlando Harris) អាយុ១៩ឆ្នាំ ដែលបានបញ្ចប់ការសិក្សាពី សាលារៀនកើតហេតុកាលពីឆ្នាំ២០២១ ហើយមិនដែលមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋណាមួយ នាពេលកន្លងមកឡើយ។ សម្រាប់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតវិញ គឺជាគ្រូបង្រៀនអាយុ៦១ឆ្នាំម្នាក់ និងជាក្មេងស្រីអាយុ១៦ឆ្នាំម្នាក់។ ចំណែក ក្មេងជំទង់៤នាក់ទៀត បានរងរបួសដោយសារគ្រាប់កាំភ្លើង ខណៈ៣នាក់បានរងរបួសផ្សេង កំលុងពេលចលាចល៕ ប្រភពពី AFP
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។