ក្រសួងពាណិជ្ជកម្ម ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​

​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង ឯកឧត្តម​បណ្ឌិត ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE Comprehensive Economic Partnership Agreement ហៅ​កាត់ Cambodia-UAE CEPA) និង​មាន​វត្តមាន​ចូលរួម​ពី​ក្រុមការងារ​ចរចា​ជា​តំណាង​អន្តរក្រសួង សភាពាណិជ្ជកម្ម និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ មកពី​ស្ថាប័ន​សាធារណៈ និង​វិស័យ​ឯកជន​នៃ​ភាគី​ទាំងពីរ សរុប​ប្រមាណ ១០០​រូប​។​

​ថ្លែង​ក្នុង​សុន្ទរកថា​បើក ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជម្រាបជូន​អំពី​ខ្លឹម​សារសំខាន់ៗ និង​អត្ថប្រយោជន៍​សេដ្ឋកិច្ច ដែល​នឹង​បាន​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជូន​ដល់​សាធារណៈជន អ្នកសារព័ត៌មាន វិនិយោគិន និង​ធុរជន​របស់​ប្រទេស​ទាំងពីរ ដើម្បី​អាច​ទាញ​ប្រយោជន៍​ជា​អតិបរមា ពី​កិច្ចព្រមព្រៀង​នេះ នាពេលខាងមុខ​។

​តាម​ការបញ្ជាក់ កិច្ចព្រមព្រៀង​នេះ​មាន​បញ្ចូល​ការចរចា​លើ​ការធ្វើ​សេរី​ភាវ​ហូប​នីយកម្ម​ទំនិញ សេវាកម្ម ការជំរុញ​ការវិនិយោគ និង​ការចរចា​លើ​បញ្ញត្តិ​សំខាន់ៗ រួមមាន​៖ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របាំង​បច្ចេកទេស​ពាណិជ្ជកម្ម អនាម័យ​និង​ភូតគាម​អនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សហគ្រាស​ធុន​តូច​និង​មធ្យម ជាដើម​។​-​ល​-​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា “Cambodia-UAE CEPA” មាន​លក្ខណៈពិសេស​សម្រាប់​ប្រទេស​ទាំងពីរ ដោយសារ​កិច្ចព្រមព្រៀង​នេះ​នឹង​បន្ត​ពង្រឹង​មិត្តភាព​ដែលមាន​ស្រាប់​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ និង​លើកកម្ពស់​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើនរ​វាង​ពិភព​អារ៉ាប់ និង​អាស៊ាន​។ តំបន់​ទាំងពីរ នាពេល​បច្ចុប្បន្ននេះ ស្ថិតក្នុង​ចំណោម​តំបន់ ដែលមាន​ថា​ម​វ័​ន្ត​សេដ្ឋកិច្ច​ខ្លាំង​នៅលើ​ពិភពលោក ដូចនេះ​មាន​កាលានុវត្តភាព​ជាច្រើន​ដែល​ភាគី​ទាំងពីរ​អាច​ច្បាម​យក​សម្រាប់​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម អាចជា​មូលដ្ឋាន​របស់​កម្ពុ​ជាស​ម្រា​ប់​ការ​ផ្ត​ត់​ផ្គង់​ទៅ​ទីផ្សារ​អារ៉ាប់ ហើយ​ដូចគ្នា​ដែរ កម្ពុជា​អាចជា​មូលដ្ឋាន​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រាប់​តំបន់​អាស៊ាន​ទាំងមូល​។​

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត អាល់ ហ្សេ​យូ​ឌី ក៏បាន​លើកឡើង​ដែរ​ថា ការចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក្នុង​ការកសាង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​នឹង​កំពុង​តាក់តែង​ទស្សនវិស័យ​សេដ្ឋកិច្ច​ស​ម្រា​ប់​រយៈពេល​វែង និង​កសាង​នូវ​មូលដ្ឋានគ្រឹះ​ដើម្បី​សម្រេចបាន​នូវ​កំណើន កាលានុវត្តភាព និង​ភាពជោគជ័យ​បន្ថែមទៀត​។ របៀបវារៈ​នៃ​កិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​គោលបំណង​ទាំងនេះ ហើយ​យើង​សូម​ស្វាគមន៍​នូវ​កិច្ចពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដែលមាន​ឆន្ទៈ​ក្នុងការ​ព​ន្លឿ​ន​ចរាចរណ៍​នៃ​ទំនិញ ធានា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ស្វែងរក​ឱកាស​ក្នុងការ​បណ្តាក់ទុន​រួមគ្នា សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​។

​តាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដំណើរការ​ចរចា​ជុំ​ទី​១ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤-២៦ ខែតុលា ឆ្នាំ​២០២២ ដែល​ភាគី​កម្ពុជា​នឹងត្រូវ​ដឹកនាំ​ដោយ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នឹងត្រូវ​ដឹកនាំ​ដោយ ឯកឧត្តម ជូ​ម៉ា ម៉ូ​ហា​មេ​ដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ព្រមជាមួយ​មន្ត្រីជាន់ខ្ពស់ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close