យោធា​មី​យ៉ាន់​ម៉ា វាយប្រហារ​តាមផ្លូវ​អាកាស សម្លាប់​មនុស្ស​ជាង ​៥០​នាក់

​ក្រុម​ឧទ្ទាម បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​យោធា​មី​យ៉ាន់​ម៉ា មកលើ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី ដែល​ធ្វើឡើង​ដោយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ដ៏​ធំ​មួយ បានសម្លាប់​មនុស្ស​ប្រហែល ៥០​នាក់ និង​របួស ៧០​នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ឆ្នាំ​២០២២​។​

​វរសេនីយ៍ឯក លោក ណាវ ប៊ូ (Naw Bu) ដែលជា​មន្ត្រី​ក្រុម​ឧទ្ទាម បាន​ឲ្យ​ដឹងថា យន្ត​យោះ​យោធា​មី​យ៉ាន់​ម៉ា​បាន​វាយប្រហារ ពិធី​មួយ​របស់​ក្រុម​ឧទ្ទាម​គាំទ្រ​ឯករាជ្យ​កា​ឈី​ន (KIA) នៅវេលា​ម៉ោង​៨​និង​៤០​នាទី​យប់ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ​។ មនុស្ស​ប្រហែល ៥០​នាក់​ត្រូវបាន​សម្លាប់ ដែល​រួមមាន​ទាំង​សមាជិក​របស់​ក្រុម KIA និង​ជន​ស៉ី​វិល​ផងដែរ​។ រីឯ​មនុស្ស ៧០​នាក់​ទៀត បាន​រងរបួស​។​

​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា បាន​សម្តែង​នូវ​ក្តីបារម្ភ និង​សោកស្តាយ ចំពោះ​របាយការណ៍​វាយប្រហារ​តាម​អាកាស ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ប៉ា​កាន់ (Hpakant) ខណៈ​របាយការណ៍​ដំបូង​បង្ហាញថា ជន​ស៊ីវិល​ជាង​១០០​នាក់ អាច​រង​ផលប៉ះពាល់​ដោយ​ការទម្លាក់​គ្រាប់បែក​នេះ​។ ចំណែក អ្នកនាំពាក្យ​របប​យោធា មិនបាន​ឆ្លើយតប​ចំពោះ​សំណើរ​សុំ​ធ្វើការ​អត្ថាធិប្បាយ​ឡើយ​។​

​គួរ​បញ្ជាក់ថា ក្រុម​ឧទ្ទាម KIA តែងតែ​ប៉ះទង្គិច​ជា​ជាមួយ​យោធា​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា អស់​ជាច្រើន​ទស្សវត្ស​មកហើយ ខណៈ​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាន់តែខ្លាំង បន្ទាប់ពី​រដ្ឋប្រហារ​កា​លពី​ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close