ប្រធានអាស៊ានបង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សាដែលកើតឡើងជាថ្មីនៅមីយ៉ាន់ម៉ា

(ភ្នំពេញ) ៖ ប្រធានអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ុនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និង សេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែល បណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៥ ខែតុលា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន លើកឡើងថា៖ «យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នក ស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេស មីយ៉ាន់ម៉ា»។

សម្ដេចបានកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែល មិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវា ថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរ ដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាព សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។

ប្រធានអាស៊ានបាមជំរុញជាបន្តទៀតឲ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើ ហិង្សា ដោយអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើ មូលដ្ឋានជាក់ស្ដែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និង ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close