កម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ
ភ្នំពេញ៖ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ ដឹកនាំដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រារព្ធធ្វើតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
លោក លោកស្រីជាឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ រួមជាមួយដៃគូសន្ទនា បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាអំពីការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ដែលជាគ្រឹះមួយនៃសក្ដានុពលសហគមន៍អាស៊ាន និងការកសាងភាពសុខដុមរមនាក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តផែនការយុទ្ធសាស្ត្រអាស៊ានសម្រាប់វប្បធម៌ និងសិល្បៈ ២០១៦-២០២៥ និងកិច្ចសម្របសម្រួលដល់កិច្ចសន្ទនាអន្តរវប្បធម៌ក្នុងចំណោមប្រជាជនអាស៊ាន តាមរយៈការចូលរួមរបស់ភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹង និងការលើកស្ទួយវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងគុណតម្លៃក្នុងតំបន់អាស៊ាន។
ក្នុងគោលដៅធ្វើឲ្យមានភាពប្រសើរឡើងវិញនូវសកម្មភាពវប្បធម៌ និងសិល្បៈអាស៊ាន បន្ទាប់ពីការធូរស្រាលនៃជំងឺកូវីដ-១៩ អង្គប្រជុំនឹងធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈ ការយល់ដឹងគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ និងសិល្បៈ ជំរុញការផ្សព្វផ្សាយវិសាលភាពវប្បធម៌សម្រាប់ការច្នៃប្រឌិត នវានុវត្តន៍ និងការបង្កើនជីវភាពរស់នៅដោយផ្អែកលើផែនការយុទ្ធសាស្ត្រ វប្បធម៌ និងសិល្បៈ ក្នុងការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ក៏បានពិភាក្សាផងដែរ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនារួមមាន៖ អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន និងអាស៊ាន-សាធារណរដ្ឋកូរ៉េ (អាស៊ានបូកបី)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។