សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្តកំពង់ឆ្នាំង​

​នៅ​ព្រឹក ថ្ងៃ​ពុធ ២​កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​ស្រូវពូជ ជូន​ដល់​ប្រជាកសិករ​ចំនួន ៣,៤៦០ គ្រួសារ ថែមទៀត ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅ​ខេត្តកំពង់ឆ្នាំង​។​

​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ស៊ុន សុវណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បានអោយដឹង ថា គ្រោះធម្មជាតិ​ដោយសារ​ស្ថានភាព​ទឹកជំនន់​ទន្លេ បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាជនមាន​ចំនួន​៥​ស្រុក​គឺ ស្រុក​បរិបូណ៌ ស្រុក​ជល​គី​រី ស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ លើ​ឃុំ ចំនួន​២៥​ឃុំ និង​ភូមិ​ចំនួន​១២៥​ភូមិ ព្រមទាំង​មាន​ប្រជាកសិករ​ចំនួន ៣៤៦០​គ្រួសារ បាន​ខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​ទន្លេសាប លើ​ផ្ទៃដី​សរុប​ចំនួន ២ ៦១០​ហិច​តា ស្មើនឹង​១,៨០% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប​ទូទាំង​ខេត្ត ហើយ​ផ្ទៃដី​ខូចខាត​ទាំងនោះ​អាច​ស្តារឡើងវិញ​បាន​។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​នាំយក​ព្រះរាជ​បណ្តាំ​ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ សាកសួរ​សុខទុក្ខ​ជូន​ពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី​នៅទីនេះ ក៏ដូចជា​ពលរដ្ឋ​ទូទាំង​ខេត្តកំពង់ឆ្នាំង​ផងដែរ​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខលំបាក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ​ចុះជួយ​ខេត្ត និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ពេល​ជួប​នូវ​គ្រោះទឹកជំនន់​។ រាល់ពេល​ពលរដ្ឋ​មានទុក្ខ តែងតែមាន​វត្តមាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ជានិច្ច​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ម្សិលមិញ កម្ពុជា​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​នោះទេ​។ នេះ​ជា​ថ្ងៃទី​៦​ហើយ ដែល​កម្ពុជា​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ករណី​ថ្មី​ទេ សូម្បីតែ​ម្នាក់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​គម្រប់​៣​ឆ្នាំ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ភាពជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ មិនមែន​ពឹង​តែ​លើ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​ប្រជាពលរដ្ឋ​ក​ម្ព​ជា​យើង​ផងដែរ​។ សម្តេច​តេ​ជោ​នៅតែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ជា​បន្តទៀត តាមរយៈ​ការអនុវត្តន៍​វិធានការ​នានា ជាពិសេស​ការចាក់​វ៉ាក់សាំង​។​

​ទាក់ទង​ទៅនឹង​បញ្ហានយោបាយ​នៅ​កម្ពុជា នៅថ្ងៃនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ មកពី​បក្ស​ភ្លើងទៀន កុំ​បារម្ភ​រឿង​គេ​ដេញ​ចេញពី​តំណែង ចំពោះ​ការនិយាយ​ថ្កោលទោស ជន​ក្បត់ជាតិ សម រ​ង្ស៉ី រឿង​ប្រមាថ​ព្រះមហាក្សត្រ​។ សម្តេច​តេ​ជោ បញ្ជាក់ថា គ្មាន​នរណា​អាច​ដក​បានឡើយ បើ​គ្មាន​ការឯកភាព​ពីស​ម្តេច​ក្រ​ឡា​ហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឱ្យ​សមាជិក​បក្ស​ភ្លើងទៀន អាច​ចាក​ចេញពី​បក្ស ទៅកាន់​បក្ស​ដទៃ ព្រោះ​បក្ស​នេះ អាច​នឹង​ប្រឈម​នឹង​ការរំលាយចោល ប្រសិន​នៅតែមាន​ការពាក់ព័ន្ធ នឹង​ជន​ក្បត់ជាតិ​បី​ជំនាន់​នោះ​។​សម្តេច​តេ​ជោ​ក៏បាន​អំពាវនាវ​ដល់​កម្លាំងប្រដាប់អាវុធ និង​សមាជិក​បក្ស​ប្រជាជន ក៏ដូចជា​បក្ស​ដទៃទៀត រួមគ្នា​ការពារ​របបរាជានិយម និង​រាជបល្ល​ង្ក​ពី​ជន​ក្បត់ជាតិ​៣​ជំនាន់​នេះ​ឲ្យ​បាន​។

​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​គេហដ្ឋាន​វិញ ប្រកបដោយ​សេចក្តីសុខ សុវត្ថិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close