ខ្សែភាពយន្ត «អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ដែលថតនៅស្រុកខ្មែរ នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៥តុលាតទៅ នៅរោងភាពយន្តក្នុងប្រទេសកម្ពុជា
«អូណូដា – មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ជាខ្សែភាពយន្តអំពីជីវិតពិតរបស់ទាហានជនជាតិជប៉ុនម្នាក់ ក្នុងសង្គ្រាមលោកលើកទី២ ដែលថតនៅក្នុងប្រទេសកម្ពុជា ដោយក្រុមការងារខ្មែរជាង៦០នាក់ នឹងមានចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តទៅ។
ដឹកនាំដោយលោក Arthur Harari ខ្សែភាពយន្តនេះ បានថតនៅក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៨ នៅតាមតំបន់មួយចំនួនក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយមានក្រុមការងារខ្មែរដែលមានជំនាញនិងទេពកោសល្យជាង៦០នាក់ ចូលរួមធ្វើការជាមួយក្រុមការងារដទៃទៀត មកពីប្រទេសជប៉ុន បារាំងប ប៊ែលហ្សិក ថៃ និងហ្វីលីពីន។
ខ្សែភាពយន្តខ្នាតធំរឿង «អូណូដា- មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ជាខ្សែភាពយន្តដែលផ្អែកទៅលើរឿងពិត របស់ទាហានជនជាតិជប៉ុនម្នាក់ឈ្មោះ ហ៊ីរ៉ូ អូណូដា កំឡុងពេលសង្គ្រាមលោកលើកទី២ ដែលបានលាក់ខ្លួននៅក្នុងព្រៃនៅលើកោះមួយក្នុងប្រទេសហ្វីលីពីន អស់ពេលជាង៣០ឆ្នាំ ដោយមិនដឹងថា សង្គ្រាមបានបិទបញ្ចប់នោះឡើយ។
ខ្សែភាពយន្តនេះអាចផលិតទៅបានជោគជ័យដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា រួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: Cambodia Cinema Department មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា Film Commission សាលាភាពយន្ដនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) សហគមន៍ជនជាតិជប៉ុន និងសហគមន៍ជនជាតិហ្វីលីពីននៅប្រទេសកម្ពុជា។
ការចាក់បញ្ចាំងជូនប្រជាជនខ្មែរនៅក្នុង រោងភាពយន្តទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តទៅ នៅគ្រប់រោងភាពយន្ត Legend Cinemas និង Major Cineplex Cambodia។ កាលពីឆ្នាំ២០២១ ភាពយន្តនេះត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងផ្នែក Un Certain Regard ដែលជាពានរង្វាន់ធំលំដាប់ទីពីរ ក្នុងកម្មវិធីមហស្រពភាពយន្តទីក្រុងកាន។ ពានរង្វាន់នេះផ្តោតលើផលិតកម្មតូចៗដែលផ្តល់ឱកាសដល់អ្នកដឹកនាំវ័យក្មេងបានបញ្ចេញស្នាដៃរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។