សង្គ្រាមរុស្ស៊ី​-​ណា​តូ អាច​ផ្ទុះឡើង​បើ​នៅតែ​បន្ត​ជួយ​ដល់​អ៊ុយ​ក្រែ​ន​

ជាច្រើនលើក​ច្រើនសា​រុស្ស៊ី​បាន​ព្រមាន​ដល់​ប្រទេស​លោកខាងលិច ពិសេស​គឺ​អង្គការ​ណា​តូ ពី​សង្គ្រាម​ដោយផ្ទាល់​និង​គ្រោះថ្នាក់​ជាមួយ​រុស្ស៊ី​បើ​នៅតែ​បន្ត​ជួយ​ដល់​អ៊ុយ​ក្រែ​ន ។ ការបង្កើន​ផ្តល់ជំនួយ​អាវុធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​គ្រោះថ្នាក់ គឺអាច​ជំរុញឱ្យមាន​ការផ្ទុះ​សង្គ្រាម​ដោយផ្ទាល់​រវាង​រុស្ស៊ី​នឹង​ណា​តូ ។​

​លោក Konstantin Vorontsov អគ្គនាយករង​នៃ​នាយកដ្ឋាន​មិន​សាយភាយ និង​គ្រប់គ្រង​អាវុធ​នៃ​ក្រសួងការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​២៥ តុលា បានប្រកាសថា «​អាមេរិក​បាន​បង្កើន​ការផ្តល់​អាវុធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ផ្តល់ព័ត៌មាន​ចារកម្ម ។ សកម្មភាព​ទាំងនោះ​នឹង​ធ្វើឱ្យ​សង្គ្រាម​កាន់តែ​អូសបន្លាយ បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង និង​ការប្រឈមមុខ​ដោយផ្ទាល់​រវាង​រុស្ស៊ី​នឹង​ណា​តូ ។​

លោក Konstantin Vorontsov បញ្ជាក់ទៀតថា​«​ក្រោម​ការដឹកនាំ​របស់​ទីក្រុង​វ៉ាស៊ីនតោន ថ្នាក់ដឹកនាំ​យោធា​និង​នយោបាយ​របស់​អ៊ុយ​ក្រែ​ន​មិន​ត្រឹមតែ​និយាយ ពី​ការវាយប្រហារ​យកឈ្នះ​រុស្ស៊ី​ក្នុង​សមរភូមិ​នោះទេ គឺ​ចង់​កម្ចាត់​យើងខ្ញុំ​តែម្តង​។ ស្ថានភាព​នេះ​យើង​មិនអាច​ព្រងើយ​ចំពោះ​ស្មារតី​របស់​ពលរដ្ឋ Donbass និង ដែនដី​ដែល​បាន​រំដោះ​នៅ​អ៊ុយ​ក្រែ​ន​នោះឡើយ​»​។​

​ក្នុងពេល​នេះដែរ មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​បាន​ព្យាករ​ថា «​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​បំផុត​» នឹង​មកដល់​នៅក្នុង​តំបន់ Kherson នៃ​ភាគខាងត្បូង​ប្រទេស​លើ​ផ្នែក​ដែល​រុស្ស៊ី​កាន់កាប់ ខណៈដែល​យោធា​រុ​ស្ស៉ី បង្កើន​ការ​ទប់​ទល់នឹង​ការ​វាយ​រុលទៅមុខ​ពី​សំណាក់​កងកម្លាំង​អ៊ុយ​ក្រែ​ន​។​

តំបន់ Kherson ដែលមាន​រដ្ឋធានី និង​កំពង់ផែ​ទន្លេ ហើយ​មាន​ប្រជាជន​រស់នៅ​ប្រហែល ២៨០,០០០​នាក់ មុនពេល​មាន​សង្គ្រាម​ផ្ទុះឡើង​បានក្លាយ​ជាទី​តាំង​ដ៏​ធំ​បំផុត​មួយ​ដែល​រុស្ស៊ី​ដណ្តើម​កាន់កាប់​បាន​នៅពេល​បើក​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ការ​វាយបក​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​តំបន់​នេះ ហាក់ដូចជា​មិន​សម្រេចបាន​ច្រើន​ទេ ចាប់តាំងពី ដើមខែ​តុលា​មក​។​

​លោក Oleksiy Arestovych ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ថ្លែង​តាមរយៈ​វីដេអូ​កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា «​និយាយ​ពី​តំបន់​ខឺ​សុន អ្វី​គ្រប់យ៉ាង​គឺ​ច្បាស់​ណាស់​ថា កងកម្លាំង​រុស្ស៊ី​កំពុង​បំពេញបន្ថែម ពង្រឹង​ក្រុម​របស់​ពួកគេ​នៅ​ទីនោះ​។ វា​មានន័យថា​គ្មាន​នរណាម្នាក់​កំពុង​រៀបចំ​ដកថយ​ទេ​។ ផ្ទុយទៅវិញ មានតែ​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​នឹង​កើតឡើង​ក្នុង​តំបន់​នេះ​»​។​

ក្នុងចំណោម​តំបន់​ទាំង​៤​ដែល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាសថា​នឹងដាក់​បញ្ចូល​នោះ តំបន់​ខឺ​សុន គឺមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​បំផុត​។ វា​គ្រប់គ្រង​ទាំង​ផ្លូវគោក​តែមួយគត់​ទៅកាន់​តំបន់​គ្រី​មៀ (Crimea) ដែល​រុស្ស៊ី​បាន​ក្រសោប​យក​ក្នុង​ឆ្នាំ​២០១៤ និង​ដង​ទន្លេ Dnipro ជា​ទន្លេ​ដ៏​ធំ​ដែល​ឆ្លងកាត់​ប្រទេស​អ៊ុយ​ក្រែ​ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close