ឯកឧត្តម អ៊ាង សុផល្លែត បាន​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា អបអរ​ខួប​គម្រប់​១០​ឆ្នាំ​នៃ​ការបង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​នៅ​ប្រទេស​កូរ៉េ​

​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​ដែល​បានរៀបចំ​ឡើង​នាទី​ស្នាក់ការ​កណ្តាល​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល រដ្ឋធានី​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។

 

​កិច្ចប្រជុំ​ដែល​បានរៀបចំ​ឡើង​នា​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ ដោយ​បន្ទាប់ពី​សុន្ទរកថា​បើក​កិច្ចប្រជុំ​របស់​ឯកឧត្តម បាន គី​មូ​ន ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល និង​ជា​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រួចមក ឯកឧត្តម​ឯកឧត្តម អ៊ាង សុផល្លែត​ដែលជា​ប្រធាន​ប្រតិភូ​កម្ពុជា ហើយក៏​ជា​ភ្ញៀវ​ដែល​ត្រូវបាន​គេ​អញ្ជើញ​ជាពិសេស​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក ដើម្បី​ឡើង​ថ្លែង​សុន្ទរកថា​ពិសេស​សម្រាប់​អបអរ​ខួប​គម្រប់​១០​ឆ្នាំ​នៃ​ការបង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​នេះ​ផងដែរ​។

​នៅក្នុង​សុន្ទរកថា​ពិសេស​នេះ​ឯកឧត្តម អ៊ាង សុផល្លែត​បាន​ថ្លែង​បញ្ចាក់​ឱ្យដឹងថា ក្នុងនាម​ជា​ប្រទេស​ស្ថាបនិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល កម្ពុជា​ពិតជា​មាន​មោទនភាព កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក ហើយ​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​ក្នុង​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​បៃតង និង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បាន​រំលេច​អំពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ដែល​ទើប​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​២០២១​ដែល​ជំរុញ​លើកកម្ពស់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​និង​ការវិនិយោគ​បៃតង​។

​លើសពីនេះ​ទៀត ឯកឧត្តម​ប្រធាន​បាន​ថ្លែង​ដោយ​ធ្វើការ​រំលេច​នូវ​គម្រោង​មួយចំនួន រួមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​ថាមពល​អ៊ីដ្រូសែន​បៃតង ការអភិវឌ្ឍ​សហគមន៍​គ្មាន​ការបញ្ចេញ​កាបូន ការផលិត​ថង់​ពី​សារធាតុ​ដែល​ងាយ​រលាយ (Biodegradable plastic) ជំនួស​ថង់​ប្លា​ស្ទិ​ក ដែល​នៅ​កម្ពុជា​សម្បូរ​នូវ​វត្ថុធាតុដើម​ស្រាប់ និង​គម្រោង​ដទៃទៀត ដែល​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​អាច​ពិនិត្យ ពិចារណា​ចូលរួមចំណែក​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​បៃតង​របស់​កម្ពុជា​។​

​សូម​បញ្ជក់​ផងដែរ​ថា ប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ រួមមាន ឯកឧត្តម​អគ្គនាយក និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​និង​យុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់​កម្មវិធី​សប្តាហ៍​អភិវឌ្ឍន៍​បៃតង​សកល ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ បាន និង​កំពុង​ចូលរួម​ព្រឹត្តិការណ៍​អម​នានា និង​កិច្ចប្រជុំ​រួមមាន​៖ ១.​កិច្ចប្រជុំពេញអង្គ​លើក​ទី​១១​និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​១៥ នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ២.​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ៣. ព្រឹត្តិការណ៍​អម​ស្តីពី «​ដំណើរ​ឆ្ពោះទៅកាន់​ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​» និង​។​ល​។​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close