សម្តេច ហេង សំរិន​៖ វេទិកា APPF មាន​សារៈសំខាន់ ក្នុងការ​រួមចំណែក​ដ​ល់​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់ និង​ទូទាំង​ពិភពលោក​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​បទ​អន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំពេញអង្គ នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣០ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) នាទី​ក្រុង​បាងកក ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ឆ្នាំ​២០២២​នេះ​។​

​សម្តេច​បាន​លើកឡើងថា វេទិកា​លើក​ទី​៣០​របស់​APPF នាពេលនេះ ជា​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់ ដែល​នឹង​រួមចំណែក​បន្ថែមទៀត​ដល់​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក៏ដូចជា​ពលរដ្ឋ នៅ​ទូទាំង​ពិភពលោក​។​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជាការ​ងារ​ដ៏​ចាំបាច់​និង​អាទិភាព​បំផុត ហើយ​ថា APPF ត្រូវ​ប្តេជ្ញា​រួមគ្នា​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការ​ស្តារឡើងវិញ ប្រកបដោយ​បរិ​យា​ប័ន្ន និង​ធន់ តាមរយៈ​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ផ្នែក​ឌីជីថល និង​ហិរញ្ញវត្ថុ កិច្ច​គាំពារ​សង្គម សមភាព​យេនឌ័រ និង​ការអភិវឌ្ឍ​ដែល​ផ្តោតលើ​មនុស្ស​។

​សូមជម្រាបថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​៣០ (APPF) នៅ​ឆ្នាំនេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​មូលបទ «​សភា និង​ការ​ស្តារឡើងវិញ​ប្រកបដោយ​ចីរភាព​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដើ​ម្ប​លើក​កំពស់​លទ្ធិប្រជាធិបតេយ្យ សន្តិភាព និង​សន្តិសុខ​»​។ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ជា​វេទិកាសភា​ធំ​មួយ​នៅក្នុង​តំបន់ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ជួបប្រជុំ​ប្រចាំឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​រួម ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​និង​សកលលោក​។​

​កិច្ចប្រជុំ​ដែល​ពិភាក្សា​លើ​ផ្នែក​នយោបាយ និង​សន្តិសុខ មាន​ប្រធានបទ​សំខាន់​ចំនួន​បី រួមមាន ១) ការលើកកម្ពស់​ការទូត​សភា​ដើម្បី​សន្តិសុខ​ក្នុង​តំបន់ ២) ការពង្រឹង​សន្តិសុខ​ផ្នែក​ព័ត៌មានវិទ្យា​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង ទី​៣) ស្តីពី សភា​និង​ការស្តារ​ការ​ងើប​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​១៩ ដើម្បី​លើកកម្ពស់​ប្រជាធិបតេយ្យ សន្តិភាព និង​សន្តិសុខ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា ការជួប​ជុំគ្នា​របស់ APPF នាពេលនេះ គឺ​ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​នូវ​បញ្ហា​ជាច្រើន ដែល​បាន​កំពុង​កើតឡើង ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកល និង​ការ​គម្រាមកំហែង​ផ្នែក​សន្តិសុខ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជាដើម​។ ដោយឡែក​នៅក្នុង​តំបន់​អាស៊ាន​វិញ វិបត្តិ​មនុស្សជាតិ និង​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា នៅតែ​ជា​បញ្ហា​សាំ​ញាំ និង​មិន​ងាយ​រលត់​នោះទេ ខណៈដែល​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​មិនទាន់បាន​ចប់​ទាំងស្រុង ។ ​ប្រឈម​នឹង​បញ្ហា​ទាំងអស់នេះ សម្តេច​ប្រធានរដ្ឋសភា បាន​អំពាវនាវ​ឱ្យមាន​ការគោរព​តាមច្បាប់​អន្តរជាតិ ពិសេស​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដើម្បី​លើកកម្ពស់​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។

​ឆ្លៀតឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា ក៏បាន​លើកឡើង​ពី​ការធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA) លើក​ទី​៤៣ របស់​សភា​កម្ពុជា និង​បាន​គោរព​អញ្ជើញ​សមាជិក​AIPA និង​ភ្ញៀវ​សង្កេតការណ៍​ទាំងអស់ ចូលរួម​មហាសន្និបាត​នោះ នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA) លើក​ទី​៤៣ នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​មូលបទ “​បោះជំហាន​ជាមួយគ្នា ដើម្បី​និរន្តរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​របស់​អាស៊ាន​”​។ កិច្ចប្រជុំ​នេះ នឹង​បន្ត​កិច្ចសន្ទនា​សំដៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ស​ភា បន្ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​សកល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close