សហព័ន្ធកីឡាវាយសី រៀបចំវគ្កបណ្តុះបណ្តាលជំរុញឲ្យមន្ត្រីចៅក្រមកម្ពុជា បោះជំហានឆ្ពោះទៅកាន់អន្តរជាតិ
ភ្នំពេញ៖ សហព័ន្ធកីឡាវាយសី រៀបចំវគ្គបណ្តុះបណ្តាល ចៅក្រម កម្រិតអន្តរជាតិ ដើម្បីជំរុញអោយចៅក្រមកម្ពុជា បោះជំហានឆ្ពោះ ទៅកាន់អន្តរជាតិ នេះជាកាបញ្ជាក់របស់ លោក ជាម សុធា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលចៅក្រម ដែលរៀបចំដោយ សហព័ន្ធកីឡាវាយសីរយៈពេល៥ថ្ងៃ បង្ហាត់ដោយគ្រូឧទ្ទេសអន្តរជាតិ ។
លោកអគ្គលេខាធិការ បន្តថា នេះជាលើកទី២ ដែលសហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិ ក្នុងគោលបំណងផលិតធនធានចៅក្រមកីឡាវាយសីរបស់កម្ពុជា ឲ្យក្លាយជាចៅក្រមកម្រិតអន្តរជាតិឲ្យកាន់តែច្រើន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិសេសជំរុញឲ្យមន្ត្រីចៅក្រមកម្ពុជា បានបោះជំហានទៅកាន់ឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្ន ធនធានចៅក្រមកីឡាវាយសីកម្ពុជា កម្រិតអន្តរជាតិមានតែម្នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលចៅក្រម កីឡាវាយសី កម្រិតអន្តរជាតិ ដែលរៀបចំដោយ សហព័ន្ធកីឡាវាយសីកម្ពុជា មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៤៨នាក់ សិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់ ដោយលោកស្រី YAU LIN NA មកពីសហព័ន្ធកីឡាវាយសីអាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។