ទីក្រុងដំបូងគេបង្អស់នៅលើពិភពលោក ប្រើវ៉ាក់សាំងបង្ការកូវីដ១៩ បឺតតាមមាត់
ទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង បង្កាកូវីដ១៩ ដែលជាប្រភេទហឺតតាមមាត់(ឬបាញ់ចូលតាមមាត់) នៅថ្ងៃទី ២៦ខែតុលា ។ នេះគឺជាទីក្រុងដំបូងគេបង្អស់ នៅលើពិភពលោក ដែលបានប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា វ៉ាក់សាំងនោះដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនឱសថចិន CanSino គឺមានទម្រង់ជាចំហាយទឹក ដែលបឺតស្រូបចូលទៅក្នុងខ្លួនតាមមាត់។
តាមសេចក្តីប្រកាសនៅលើគណនីផ្លូវការមួយរបស់ទីក្រុងសៀងហៃ វាកំពុងត្រូវផ្តល់ឱ្យដោយមិនគិតថ្លៃឡើយ ដើម្បីធ្វើជាវ៉ាក់សាំងដូសជំរុញ សម្រាប់អ្នកដែលធ្លាប់បានចាក់វ៉ាក់សាំងកូវីដ១៩ ពីមុនមក។ ប្រជាជនសៀងហៃ ដែលបានទៅទទួលវ៉ាក់សាំង បានបង្ហាញចំណាត់អារម្មណ៍ថា វាប្រៀបដូចជាការផឹកតែទឹកដោះគោយ៉ាងដូច្នោះដែរ។
វ៉ាក់សាំងកូវីដ១៩ ប្រភេទនេះ ប្រហែលអាចជំរុញឱ្យ អ្នកដែលមិនចង់ទៅចាក់វ៉ាក់សាំង ព្រោះតែមិនចូលចិត្តម្ជុលនោះ អាចពិចារណាឡើងវិញ ហើយក៏ថែមទាំងអាចជួយពង្រីកការចាក់វ៉ាក់សាំង នៅតាមប្រទេសអត់ខ្សោយផងដែរ ដោយសារតែវាងាយស្រួលក្នុងការប្រើ។
មួយវិញទៀតបើតាមក្រុមអ្នកជំនាញ វ៉ាក់សាំងដែលស្រូបចូលតាមមាត់យ៉ាងដូច្នេះ ក៏ប្រហែលអាចជួយទប់ស្កាត់វីរុស មុនពេលវារីករាលដាលពាសពេញ ប្រព័ន្ធដង្ហើមរបស់យើងផងដែរ។ ក្រុមនិយតករសុខាភិបាលចិន បានផ្តល់ការអនុម័តចំពោះវ៉ាក់សាំងខាងលើ សម្រាប់ប្រើជាដូសជំរុញ កាលពីខែកញ្ញាកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។