ចម្លាក់​តោ​ចំនួន​២ នឹង​យកទៅដាក់​នៅ​កំពង់ទឹក​ផ្នែក​ខាងជើង​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ឡើងវិញ ក្រោយពេល​បញ្ចប់​ការជួសជុល​

​ចម្លាក់​តោ​ចំនួន​២ មាន​ទម្ងន់​ប្រមាណ​ជាង​៣​តោន កម្ពស់​ជាង​២​ម៉ែត្រ ដែល​យក​ពី​កំពង់ទឹក​របស់​ស្ពាន​ហាល​ផ្នែក​ខាងជើង​នៃ​ស្ពាន​ហាល​ចូល​ប្រាសាទអង្គរវត្ត​តាំងពី​ឆ្នាំ​១៩៩៧ យកមក​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ កំពុង​ត្រូវបាន​ជួសជុល​ពង្រឹង​ឡើងវិញ បាន​ប្រមាណ​៩៥​ភាគរយ​ហើយ ដោយ​ក្រុម​អភិរក្ស​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្រោយពី​បញ្ចប់​ការងារ​ជួសជុល​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​នឹង​យក​ចម្លាក់​តោ​ទាំង​គូ​ទៅ​ដាក់​ទីតាំង​ដើម​ឡើងវិញ នៅ​កំពង់ទឹក​ផ្នែក​ខាងជើង​នៃ​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ ក្រោយពី​ឃ្លាត​ចាក​ឆ្ងាយ​ពី​ទីតាំង​ដើម​ប្រមាណ​២៥​ឆ្នាំ រក្សាបាន​នូវ​ទម្រង់​ដើម លើក​តម្លៃ និង​បង្កើន​សោភ័ណភាព​កំពង់ទឹក​ស្ពាន​ហាល​របស់​ប្រាសាទ​អង្គរ​ឡើងវិញ ក្រោយពី​ទីតាំង​ស្ពាន​ហាល​នេះ​ជិត​បញ្ចប់​ការជួសជុល​។

​លោក ឡុង ណា​រី ប្រធាន​ក្រុមការងារ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងារ​របស់លោក​ចាប់ផ្តើម​ជួសជុល​ចម្លាក់​ទាំងនេះ ពី​ខែមេសា ឆ្នាំ​២០២២ រហូតដល់​ពេលនេះ​រយៈ​ពេល​៦​ខែ​។ ដំបូង ក្រុមការងារ​បានរៀបចំ​ធ្វើឯកសារ និង​ប្រមូល​បំណែក​តូចធំ​របស់​ចម្លាក់​ដើម​មក​ផ្គុំ​គ្នា​។ មកដល់ពេលនេះ ចម្លាក់​តោ​ទាំង​គូ មាន​ភាពរឹងមាំ​ឡើងវិញ​ហើយ ដោយបាន​បំពេញ​នូវ​កន្លែង​ខូចខាត​នឹង​បាន​បង់​ថ្ម​មួយចំនួន​ដូចជា ជើង​ទម្រ ជើង ដងខ្លួន និង​ផ្នែក​ផ្សេងៗ​របស់​តោ​ដែល​ចាំបាច់​សម្រាប់​ធានា​ភាព​យូរអង្វែង​របស់​តោ ជៀស​វ​វាង​ការខូចខាត​បន្តទៀត​។​

​លោក ណា​រី បាន​លើកឡើងថា ចម្លាក់​តោ​ថ្ម​នេះ មុន​ការជួសជុល​មាន​សភាព​ទ្រុឌទ្រោម បែកបាក់​រូបរាង​ជា​អន្លើរ នៅ​ផ្នែក​ជើង​ទម្រ ជើង ទ្រូង និង​ផ្នែក​ខាងក្រោយ​ជាដើម​។ នៅ​សម័យ​បារាំង ចម្លាក់​តោ​នេះ ត្រូវបាន​ជួសជុល​ដោយ​ប្រើ​ស៊ីម៉ង់ត៍ និង​ដែក​បិទ​ភ្ជាប់​ដើម្បី​ឱ្យមាន​លំនឹង​អាច​ឈរ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក វា​ក៏បាន​បែកបាក់ ជា​បន្តបន្ទាប់​តាម​អាយុកាល​ស៊ីម៉ងត៍​។​

​លោក​បញ្ជាក់ថា ក្នុងការ​ជួសជុល ក្រុមការងារ​ក៏បាន​ប្រើ​បច្ចេកទេស​ជួសជុល​សមស្រប ទៅតាម​បទដ្ឋាន​ដែល​អាច​ធានាបាន​នូវ​លក្ខណៈ​ដើម និង​សុវត្ថិភាព​យូរអង្វែង​នៃ​ចម្លាក់​។ រីឯ​បច្ចេកទេស និង​ការជួសជុល​ក៏ ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកជំនាញការ​អាដហុក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close