ធ្លាក់ឧទ្ធម្ភាគចក្រ ០១គ្រឿង នៅម៉ាឡេស៊ី សំណាងមនុស្សទាំង ៦នាក់ សុទ្ធតែមានជីវិត
កូឡាឡាំពួរ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សទាំងប្រាំមួយនាក់នៅលើឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅជិត Cameron Highlands រដ្ឋ Pahang កាលពីពេលថ្មីៗនេះ ត្រូវបានគេរកឃើញនៅមានជីវិត នេះបើយោងតាមការលើកឡើងរបស់មន្ត្រីប៉ូលីសម្នាក់។
មេនគរបាលប្រចាំនៅតំបន់Perak លោក Mohd Yusri Hassan Basri បាននិយាយថា «ទាំងអស់គ្នាត្រូវបានរកឃើញដោយសុវត្ថិភាពនៅលើភ្នំក្នុង Brinchang ។»
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី Bernama មនុស្សទាំងប្រាំមួយនាក់នោះ រួមមានសមាជិកក្រុមគ្រូពេទ្យចំនួន៥ នាក់ ដែលត្រូវបានគេរកឃើញថា មានរបួសស្រាល និងអ្នកបើកយន្តហោះម្នាក់ដែលបានរួចផុតពីរបួស។ ឧទ្ធម្ភាគចក្របានធ្លាក់នៅពេលដែលវាព្យាយាមចុះចតជាបន្ទាន់នៅក្នុងតំបន់ព្រៃក្បែរ Brinchang ក្នុងរដ្ឋ Pahang ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រដែលដឹកអ្នកបើកយន្តហោះម្នាក់ និងអ្នកដំណើរ៥នាក់បានធ្លាក់នៅម៉ោងប្រហែល១រសៀល ថ្ងៃពុធ ទី២៦ តុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។