ថ្នាក់ដឹកនាំខត្តសៀមរាប ទទួលស្វាគមន៍ការរត់ ជាមួយសាយប្រមូលថវិកា បានជាង ៦ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើជើងចំងាយប្រមាណ៣០៣គឺឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។
ការរត់នេះមកដល់ខេត្តសៀមរាបក៏មានកាទទួលស្វាគមន៍របស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និង សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ដើម្បីចូលរួមលើកទឹកចិត្តចំពោះ “សាយ” និងសហការី ក៏ដូចជាការចូលរួមជាមួយកម្មវិធី «៤សែនជំហាន ដើម្បីរយរៃអង្គាសថវិកាដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ» ដើម្បីប្រមូលថវិកា ក្នុងការទ្រទ្រង់នូវសកម្មភាពនៃការព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្ងៃ របស់មន្ទីរពេទ្យកុមារអង្គរ។
នាកឱកាសនោះដែរ លោក អ៉ឹង គឹមលាង ក៏បានធ្វើការថ្លែងអំណរគុណចំពោះការលះបង់របស់លោក អូន បឋម ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីជាការក្រើនរំលឹកសតិស្មារតី របស់ជនរួមជាតិខ្មែរយើង ឲ្យមានស្មារតីចេះជួយគ្នា រួមសាមគ្គីគ្នា ក្នុងការទ្រទ្រង់ដល់ធនធានមនុស្ស សំខាន់ចំពោះសុខភាពកុមារ ដែលជាទំពាំងស្នងប្ញស្សីនៃអនាគតប្រទេសជាតិ។
លោកបានបន្ដថា សកម្មភាពរបស់លោកនឹងអាចក្លាយជាគំរូសម្រាប់យុវជនកម្ពុជាដទៃទៀត ក្នុងការរួមចំណែកតបស្នងចំពោះប្រទេសជាតិ ទៅតាមលទ្ធភាពរៀងៗខ្លួន។ ព្រោះប្រជាពលរដ្ឋម្នាក់ៗនៅក្នុងសង្គមជាតិ គួរចូលរួមចែករំលែកដោះស្រាយបញ្ហាមិនថាតូចឬធំ រក្សាឲ្យបាននូវការរួបរួមគ្នា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដែលកុមារនៅកម្ពុជាអាចទទួលបាន ឱកាសដូចៗគ្នា ក្នុងការលូតលាស់ប្រកបដោយសុខភាពបរិបូណ៌ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ លោកបានបញ្ជាក់ថា ការផ្ដល់មូលនិធិដល់មន្ទីរពេទ្យកុមារអង្គរ ទោះតិចក្ដីឬច្រើនក្ដី គឺពិតជាទង្វើសប្បុរសធម៌ បង្កប់ទៅដោយអត្ថន័យនិងក្ដីមេត្តាដ៏សម្បើមសម្រាប់ជីវិតកុមារនៅកម្ពុជាយើង។
សូមបញ្ចាក់ផងដែលថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយ លោក អូន បឋម (សាយ) បានប្រគល់ថវិការជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនាព្រឹកនេះបានចំនួនជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយក្នុងកម្មពិធីរៃអង្គាសថវិកាដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនេះដែល លោក អូន បឋម (សាយ) សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាមេតាបន្តជួយឧបត្ថមថវិការរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។