សម្តេច​តេ​ជោ ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​កូរ៉េខាងត្បូង ចំពោះ​ហេតុការណ៍​សោកនាដកម្ម​រត់​ជាន់គ្នា

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​នូវ​ការ​សោកសៅ​ជាខ្លាំង​ចំពោះ​ឧបទ្ទវហេតុ​សោកនាដកម្ម​នៃ​ការរត់​ជាន់គ្នា​របស់​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង នៅក្នុង​ខណ្ឌ​អ៉ី​ថេ​វ៉ុ​ន ក្រុង​សេ​អ៊ូ​ល កាលពី​យប់​ថ្ងៃទី​២៩ ខែ​ខែតុលា​។​

​ក្នុង​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​ជូន​ប្រធានាធិបតី​កូរ៉េខាងត្បូង​, សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា «​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​ក្តី​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម ជូន​ចំពោះ​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​ក្រុមគ្រួសារ​ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ខណៈដែល​កម្ពុជា នៅ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ក្នុង​គ្រា​ដ៏​សោកសៅ​នេះ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នក​ដែល​រងរបួស​ទាំងអស់​ឆាប់​បានជា​សះស្បើយ​»​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃ​សៅរ៍ គ្រា​ដែល​ពលរដ្ឋ​កូរ៉េខាងត្បូង ជាពិសេស​យុវវ័យ​ប្រមាណ​ជា ១០​ម៉ឺន​នាក់ កំពុង​ដើរលេង​កម្សាន្ត​ពេល​រាត្រី នៃ​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​អបអរ​ពិធីបុណ្យ Halloween ក៏បាន​កើតមាន​ហេតុការណ៍​រត់​ជាន់គ្នា​នេះ​កើតឡើង​។ ការជួបជុំ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ Halloween ទើបនឹង​ត្រូវបាន​បើក​ឱ្យមាន​ការជួបជុំ​ឡើងវិញ ក្រោយពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​

​តួលេខ​ចុង​ក្រោយពី​អាជ្ញាធរ​កូរ៉េខាងត្បូង បាន​បង្ហាញថា មនុស្ស​យ៉ាងហោចណាស់ ១៥៣​នាក់ បាន​ស្លាប់ និង ៨២​នាក់​រងរបួស ក្នុងនោះ ១៩​នាក់ របួសធ្ងន់​។ ក្នុងចំណោម​អ្នក​បាត់បង់​ជីវិត តួលេខ​ជនបរទេស​បាន​កើន​ដល់ ២២​នាក់ រួមមាន​ជនជាតិ​ចិន ៤​នាក់​, អ៉ី​រ៉ង់​៤​នាក់​, រុ​ស្ស៉ី​៣​នាក់​, អាមេរិក​១​នាក់​, បារាំង​១​នាក់​, អូស្ត្រាលី​១​នាក់​, វៀតណាម​១​នាក់​, អ៊ូ​ស​បេ​គី​ស្ថាន​១​នាក់​, ន័​រ​វែ​ស​១​នាក់​, កា​ហ្សា​ក់​ស្ថាន ១​នាក់​, ស្រីលង្កា ១​នាក់​, ថៃ ១​នាក់ និង​អូស្ត្រាលី ១​នាក់ ខណៈ​ជនបរទេស​ម្នាក់​ចុងក្រោយ មិនទាន់​ត្រូវបាន​កំណត់​អត្តសញ្ញាណ នៅឡើយ​ទេ ។

​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានសម្រេច​ប្រកាស​កាន់ទុក្ខ​រយៈពេល ១​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃអាទិត្យ ដល់​ថ្ងៃ​សៅរ៍ សប្តាហ៍​ក្រោយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close