ក្រសួងមហាផ្ទៃរកឃើញចំណុចខ្វះខាតមួយចំនួន​របស់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការងារគ្រប់គ្រងហិរញ្ញវត្ថុ

មន្រ្តីអគ្គនាយកដ្ឋាន​សវនកម្មផ្ទៃ​ក្នុង នៃក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា គេ​បានរកឃើញមានចំណុចខ្វះខាតមួយចំនួនរបស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតក្នុងការរៀបចំ សៀវភៅបញ្ជីចំណូល ការចំណាយថវិកា ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារ គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ថាៈ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបិទសវនាកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពរបស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោយពីធ្វើកិច្ចសវនកម្ម អស់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក រកឃើញមាន ៣ ចំណុច ដែលខ្វះខាត៖

១-ការងារគ្រប់គ្រងធនធានមនុស្ស អនុវត្តមិនទាន់បានពេញលេញ តាមនីតិវិធីរដ្ឋបាល នៅឡើយ ។ ចំពោះប្រព័ន្ធលើកទឹកចិត្តមានភាពប្រសើរ ។

២-ការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតតិចតួច ក្នុងការរៀបចំសៀវភៅបញ្ជីចំណូល ចំណាយថវិកា ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព តែការគ្រប់គ្រងបើកផ្តល់ប្រេងឥន្ធនៈ និងទូទាត់តាមសញ្ញាចំណាយផ្សេងៗ បានត្រឹមត្រូវតាមនីតិវី ។

៣-ការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ(ចលន អចលនភាពវត្ថុ) មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយ ។

លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ទៀតថាៈ រាល់កំហុសឆ្គងដែលក្រុម ការងារ រកឃើញនោះ គឺដើម្បីជាការកែលម្អ សម្រាប់ទៅឆ្នាំក្រោយទៀត ឲ្យកាន់តែ មានភាពល្អប្រសើរ នៃការចងក្រងឯកសារ ដែលពាក់ព័ន្ធ។

សូមជម្រាបថា នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទ សវនកម្មផ្ទៃក្នុង សម្រាប់ការបរិច្ឆេទ ឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការនគរនបាលក្រុង ស្រុក ទាំង ៩ លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោក ទាំង៤ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close