សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ជាង​៦​ពាន់​នាក់​

​នៅ​ព្រឹក ថ្ងៃ​អង្គារ ៨​កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា និស្សិត​ដែល​ដែល​អញ្ជើញ​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មាន​ចំនួន​សរុប ៦,៣០៧​នាក់ (​នារី ៣,០៨៨​នាក់​)​។ ក្នុងនោះ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨​នាក់ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ១,៦៤៣​នាក់ នារី ៥៦០​នាក់​។ យោងតាម​លទ្ធផល​ស្ទង់​មតិ​របស់​សាកលវិទ្យាល័យ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​ជាង ៩៧​ភាគរយ មានការ​ងារ​ធ្វើ ក្នុងនោះ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន​ជាង ៩៦​ភាគរយ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ជិត ១០០​ភាគរយ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថ្លែង​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បាន​ប្រឹងប្រែង​ជម្នះ​ការលំបាក​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ធានាបាន​ការសិក្សាអប់រំ​ប្រកបដោយ​ភាពជោគជ័យ​។ សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​សម្តេច​តេ​ជោ​ក៏បាន​ថ្លែងថា វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ ឌីជីថល នៅក្នុង​វិស័យ​នានា រួមទាំង​ការសិក្សា​ផង​មានការ​រីកចម្រើន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ គឺជា​ខួប​មួយឆ្នាំ ដែល​កម្ពុជា​បើក​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​យកឈ្នះ​លើ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ជួយ​សេដ្ឋកិច្ចកម្ពុជា មាន​កំណើន​ឡើងវិញ​ផងដែរ​។​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ពី​ការ​វិវឌ្ឍន៍​ដ៏​ល្អ​ក្នុង​វិស័យ​អប់រំ ដោយបាន​គូសបញ្ជាក់ថា ការវិវឌ្ឍ​ន៍​ដ៏​ល្អ​នេះ ដោយសារតែ​កម្ពុ​ជាមាន​សុខសន្តិភាព បើ​គ្មាន​សន្តិភាព កុំ​និយាយ​ដល់​ការអភិវឌ្ឍន៍ ហើយ​បើ​គ្មាន​ធ​ធាន​នុស្ស ក៏​គ្មាន​ការអភិវឌ្ឍន៍​ដែរ​។

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃនេះ សម្តេច​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន តាម​ទូរស័ព្ទ​។ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល និង​សាច់ញាតិ ដែល​បាន​ឧបត្ថម្ភ និង​គាំទ្រ​ដល់​ការសិក្សា​រៀនសូត្រ​របស់​កូន ភរិយា ឬ​ស្វាមី​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន សូម​ការយោគយល់​ពី​ប្រជាពលរដ្ឋ ចំពោះ​ការរំខាន​ចរាចរណ៍​មួយចំនួន ក្នុងពេល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នា​សប្តាហ៍​ក្រោយ​។​សម្តេច​តេ​ជោ ក៏​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​អាច​បោះឆ្នោត​បាន​។ សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តទៀត​។

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ចំពោះ​ជ័យលាភី​ទាំងអស់​របស់​និស្សិត​នៅថ្ងៃនេះ និង​ជូនពរ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​ជា​បន្តទៀត​ទាំង​ក្នុងការ​សិក្សា និង​ការងារ​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close