កម្ពុជា រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក លើកទី៥ កិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃ១-៥ វិច្ឆិកា នៅខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូន ដំណឹងស្ដីពីការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) កិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងវៀតណាម (CLMV) លើកទី៦ អមដោយកិច្ចសន្ទនាទេសចរណ៍ ACMECS-CLMV លើកទី១ ចាប់ពីថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អនុតំបន់ទាំងពីរ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអេកម៉ិក ដែលដឹកនាំដោយកម្ពុជា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី CLMV ដឹកនាំដោយឡាវ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះកម្មវិធីបើកនឹងចាប់ផ្តើមដោយការស្តាប់សារស្វាគមន៍ពិសេសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោង៩៖០០ព្រឹក តាមទម្រង់វីដេអូថតទុកមុនដែលមានរយៈពេល៩នាទីនិង៣០វិនាទី។
រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំទេសចរណ៍នៃអនុតំបន់នីមួយៗនឹងពិភាក្សានិងវាយតម្លៃដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការការងារស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍រួមគ្នា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអនុតំបន់របស់ខ្លួន ស្របតាមនិន្នាការទេសចរណ៍នាពេលបច្ចុប្បន្ន និងអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។