សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជាន់ខ្ពស់​ស្តីពី ខួប​១០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង RCEP

​នៅ​ព្រឹក ថ្ងៃ​ពុធ ៩​កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង វេទិកា​ជាន់ខ្ពស់​ស្តីពី ខួប​១០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​អា​សិប (RCEP)​។​

​វេទិកា​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​រំលឹក​ឡើងវិញ​នូវ​ដំណើរ​នៃ​អា​សិប (RCEP) និង​ការសម្ពោធ​សៀវភៅ​ទី​២ របស់​វិទ្យាស្ថាន ERIA ស្តីពី​កិច្ចព្រមព្រៀង​អា​សិប​ក្រោម​មូលបទ «​ថាមវន្ត​នៃ​តំបន់​អាស៊ី​បូព៌ា និង​កិច្ចព្រមព្រៀង​អា​សិប​ក្នុង​ក្របខ័ណ្ឌ​សម្រាប់​សមាហរណកម្ម​តំបន់​» ដែល​វេទិកា​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​២-៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​នឹង​ញ៉ាំងឱ្យ​កិច្ចព្រមព្រៀង​អា​សិប កាន់​តែមាន​សារសំខាន់​ក្រោយ​ចូល​ជា​ធរមាន​កាលពីដើមឆ្នាំ​២០២២ នេះ បន្ទាប់ពី​កិច្ចចរចា​យ៉ាង​ស្វិតស្វាញ​ជិត​១០​ឆ្នាំ ក្រោម​គោលការណ៍​ណែនាំ​កំណត់ដោយ សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការបើក​ការចរចា​កិច្ចព្រមព្រៀង​អា​សិប អនុម័ត​តាំងពី​ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close