ទោះរងការដាក់ទណ្ឌកម្មពីលោកខាងលិច តែថាមពលរុស្ស៊ី មិនខ្វះទីផ្សារនោះឡើយ
ក្នុងពេលថ្មីៗនេះ អ៊ីរ៉ង់ និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងឧស្ម័នហ្គាសមានតម្លៃសរុបជាង ៦,៥ពាន់លានដុល្លារ។ នេះជាកិច្ចព្រមព្រៀងមួយដូចជាការបញ្ឈឺដល់អឺរ៉ុប ដែលកំពុងតែខ្វះថាមពលប្រើប្រាស់ក្នុងរដូវរងារ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា គឺជាផ្នែកមួយនៃកំណត់ហេតុ (MoU) មានទឹកប្រាក់ រហូតដល់៤០ពាន់លានដុល្លាររវាងក្រុមហ៊ុនប្រេងជាតិអុីរ៉ង់(NIOC)និងក្រុមហ៊ុនប្រេងជាតិរុស្ស៊ី Gazprom កាលពីខែកក្កដាឆ្នាំ២០២២។
រដ្ឋលេខាធិការក្រសួងការបរទេសអុីរ៉ង់ទទួលបន្ទុកសេដ្ឋកិច្ចកិច្ចការបរទេស លោក Mehdi Safari បានបង្ហាញក្តីសង្ឃឹមថា ខ្លឹមសារចុះ MoU ក៏បានប្រែទៅជាកិច្ចព្រមព្រៀង ក្នុងរយៈពេល១ខែខាងមុខ ហើយកិច្ចព្រមព្រៀងពីគម្រោងខាងលើកំពុងតែពន្លឿន។ លោក Mehdi Safari បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងឧស្ម័ន រវាងរុស្ស៊ីនិងអុីរ៉ង់កំពុងតែរីកចំរើន ហើយជ្រើសរើសប្រទេសជាឈ្មួញកណ្តាលដើម្បីដឹកជញ្ជូនថាមពលពីរុស្ស៊ីទៅកាន់អុីរ៉ង់។
មន្ត្រីការបរទេសអុីរ៉ង់បញ្ជាក់ទៀតថា ប្រទេសនេះមានគម្រោងនាំចូលថាមពលហ្គាសពីរុស្ស៊ី ចំណែកអុីរ៉ង់វិញ ក៏នាំប្រេងចេញទៅក្រៅប្រទេសផងដែរ ។ ទាំងនោះគឺជាផលប្រយោជន៍យ៉ាងធំធេងរបស់អុីរ៉ង់ដែលត្រូវកាត់បន្ថយការចំណាយបានច្រើន។
លោក Safari បានលើកឡើងទៀតថា ក្នុងពេលដ៏ខ្លីខាងមុខ ប្រទេសទាំងពីរ នឹងព្រមព្រៀង ទៅលើខ្លឹមសារក្នុងកិច្ចព្រមព្រៀង ដោះដូរប្រេង និងផលិតផលប្រេង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។