ពលករខ្មែរជាង១លាននាក់ ចាប់យកការងារ ក្រៅប្រទេស ទាំងស្របច្បាប់- មិនស្របច្បាប់
ពលករកម្ពុជា រហូតដល់ជាង១លាននាក់ បានចាប់យកជម្រើសការងារក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់។ នេះបើតាមប្រសាសន៍របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងពិធី “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស១២ធ្នូ” លើកទី១២ កាលពីថ្ងៃទី១២ ខែធ្នូ ម្សិលមិញ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងចំណោម១លាននាក់ ដែលមានពលករស្នាក់នៅ និងធ្វើការមិនមានច្បាប់ទម្លាប់ មិនមែនជាកំហុសរបស់ពលករតែឯងទេ តែដើម្បីជីវភាពទើបរកការងារនៅក្រៅប្រទេស។ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំងពីរ មានភារៈកិច្ចរួមគ្នាការពារចំពោះភាពខ្វះចន្លោះ នៃច្បាប់វិធានការប្រព័ន្ធ និងរបៀបរបបការងារ ឥរិយាបថ មន្ត្រីអនុវត្តន៍ ក៏ដូចជានិយោជកផ្ទាល់ ដែលអាចជំរុញឲ្យមានបរិយាកាសការងារល្អ ឬអាចធ្វើឲ្យមានភាពខុសច្បាប់ បទល្មើស ឬអំពើកេងប្រវ័ញ្ចនានាកើតឡើង។
សម្ដេចបន្ថែមថា មានពលករមិនតិចទេដែលបាននិងកំពុងរងគ្រោះថ្នាក់ ក៏ដូចជាប្រឈមគ្រោះថ្នាក់ ដោយមិនទាន់មានការដោះស្រាយសមស្រប បាត់ដំណឹងក្នុងអំឡុងពេលធ្វើការងារ ត្រូវបញ្ជូនចេញទៅឆ្ងាយ គ្មានទំនាក់ទំនង ឬក៏អាចបាត់បង់ជីវិតជាដើម។
សម្ដេចគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះ មិនអាចប្រទេសណាមួយដោះស្រាយតែឯកឯងបានឡើយ ព្រោះជាបញ្ហាពាក់ព័ន្ធរវាងគ្នា ហេតុនេះហើយទើបបានជាទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ ប្រកបដោយការទទួលខុសត្រូវ និងសមធម៌រវាងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក នៃប្រទេសបញ្ជូននិងប្រទេសទទួល ដើម្បីកំណត់ឲ្យច្បាស់ថាអ្នកណាជាជនល្មើស ត្រូវផ្ដន្ទាទោស និងអ្នកណាជាជនរងគ្រោះ ត្រូវសង្គ្រោះការពារ ដោយត្រូវទប់ស្កាត់កុំឲ្យមានរឿងនេះកើតឡើងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។