កម្ពុជា ស្វាគមន៍ការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ LAO AIRLINES ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីក្រុងលួងប្រាបាង មកកាន់ខេត្តសៀមរាប
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជាមានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ សាធារណជនទូទៅ និងកាគីពាក់ព័ន្ធទាំងអស់ជ្រាបថាក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប គណៈប្រតិភូឡាវដឹកនាំដោយ លោកជំទាវ SUANESAVANH VIGNAKET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និង ទេសចរណ៍ឡាវ បានអញ្ជើញចូលរួមតាមរយៈជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlinøcs) ដើម្បីអបអរសាទរការចាប់ផ្ដើមហោះហើរត្រង់ឡើងវិញពីទីក្រុងលួងប្រាបាង មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្នុង ១ សប្ដាហ៍មាន ៣ជើង រៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ការជំរុញជើងហោះហើរឡើងវិញជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងតំបន់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសបើក វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ដែលបានស្នើប្រទេសសមាជិកអាស៊ានពិចារណា បើកឡើងវិញនៃវិស័យទេសចរណ៍ ដោយចាប់ផ្តើមពីការជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ាន។
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍សូមអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ឋ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ សំដៅទាក់ទាញទេសចរអន្តរជាតិពីប្រទេសឡាវឱ្យមកទស្សនា “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ ក្ដៅ- សុវត្ថិភាព ស្អាត និងបៃតង កាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។