យានយន្ត​ជិត ៤៤​ម៉ឺន​គ្រឿង បានធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ក្នុងពេល​១​ខែ នៃ​ការបើក​ឱ្យប្រើ​ប្រាស់​សាកល្បង ដោយ​ឥតគិតថ្លៃ

​ភ្នំពេញ​៖ បើតាម​កំណត់ត្រា​ស្ថិតិ​យានយន្ត និង​ស្ថានភាព​ចរាចរណ៍ ក្នុង​រយៈពេល​៣១​ថ្ងៃ នៃ​ការបើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ ដោយ​រាប់​ចាប់ពី​ម៉ោង ៧:០០​នាទី​ព្រឹក ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ដល់​ម៉ោង ២៤:០០​នាទី​យប់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ មាន​យានយន្ត​ចំនួន ៤៣៧ ៣៨១​គ្រឿង បានធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដោយ​ចេញចូល​តាម​ស្ថានីយ​ទាំង​៨​ទីតាំង ខណៈដែល​ករណី​គ្រោះថ្នាក់​មាន​ចំនួន​១៩​ករណី (​ស្មើនឹង ០,០០៤% បើ​ធៀប​ទៅនឹង​ទំហំ​ចរាចរណ៍​ដែល​បាន​កត់ត្រា​)​។​

​ក្នុងចំណោម​យានយន្ត​ចំនួន​ជិត ៤៤​ម៉ឺន​គ្រឿង ដែល​បាន​ចរាចរណ៍​ក្នុងពេល​បើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ​មួយខែ​នេះ មាន​ករណី​ប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​ចំនួន ១២៩១​ខ្សែ បានធ្វើ​ការទាក់ទង​ទៅកាន់​លេខ ១៣៩៩ ដែលជា​លេខ​ទូរស័ព្ទ​សង្គ្រោះ​របស់​ក្រុមហ៊ុន​។​

​សូម​ជម្រាបជូន​ដែរ​ថា​៖ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​ផ្តើម​គិតថ្លៃ​សេវា​ធ្វើដំណើរ ចាប់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧:០០​នាទី​ព្រឹក នេះ​តទៅ​ហើយ​។ ចំពោះ​សេវា​ធ្វើដំណើរ នឹងត្រូវ​គណនា​តាម​ចម្ងាយ​ជាក់ស្តែង​នៃ​ការបើកបរ និង​តាម​ប្រភេទ​យានយន្ត​។ ក្រុមហ៊ុន​ក៏មាន​ការបញ្ចុះ​តម្លៃ​សេវា​ចំនួន ២០% ជូន​ដល់​បងប្អូន​អ្នកធ្វើដំណើរ​ផងដែរ ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ស្វែងយល់ និង​អនុវត្តតាម​សេចក្តីណែនាំ​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការធ្វើដំណើរ​របស់​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close