កូរ៉េខាងជើង​បន្ត​បាញ់កាំភ្លើង​ធំ​ជាង ១០០​គ្រាប់​ទៀត​ទៅកាន់​ដែនសមុទ្រ បន្ទាប់ពី​បាញ់​មី​ស៊ី​ល​២៣​គ្រាប់​

​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​២៣​គ្រាប់​ចូលទៅ​កាន់​ដែនសមុទ្រ ដែលជា​កម្រិត​ច្រើន​បំផុត​មិន​ធ្លាប់មាន ក្នុងនោះ​មាន​មួយ​គ្រាប់​ធ្លាក់​ក្បែរ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​។ ក្រោយ​ការបាញ់​មី​ស៊ី​ល​នោះ​កូរ៉េខាងជើង​ក៏បាន​បន្ត​បាញ់កាំភ្លើង​ធំ​១០០​គ្រាប់​ទៀត​ចេញពី​ឆ្នេរសមុទ្រ​នៅ​ភាគ​ខាងកើត ទៅកាន់​តំបន់ស​ដែល​បាន​បង្កើតឡើង​រវាង​ភាគី​ទាំងពីរ ។​

​កម្លាំង​ទាហាន​កូរ៉េខាងត្បូង​បានប្រកាសថា ការបាញ់​កាំភ្លើង​ធំ​ធ្វើឡើង​នៅវេលា​ម៉ោង​១៣​និង​២៧​នាទី (​ពេលវេលា​ក្នុង​តំបន់​)​។ ការបាញ់​សាកល្បង​នោះ​គឺ​បាន​បំពាន​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១៨​ដែរ​។​ ​សេចក្តីថ្លែងការណ៍​រប​ស់​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ប្រហែល​១០០​គ្រាប់​ចេញពី​តំបន់​កូ​សុង (Kosong) នៃ​ខេត្ត​កាង​វ៉ុ​ន (Kangwon) ធ្លាក់ចូល​ទៅក្នុង​តំបន់ទ្រនាប់​នៅ​ភាគ​ខាងជើង​នៃ​ខ្សែបន្ទាត់ NLL ដែលជា​ព្រំប្រទល់​សមុទ្រ​ក្រៅផ្លូវការ រវាង​កូរ៉េខាងត្បូង​នឹង​កូរ៉េខាងជើង​។​

​កាលពី​វេលា​ព្រឹក​ថ្ងៃ​ពុធ​នេះ កូរ៉េខាងត្បូង​បាន​បាញ់​មី​ស៉ី​ល​៣​គ្រាប់ ចេញពី​យន្តហោះ​ចម្បាំង ហើយ​ទៅ​ធ្លាក់​នៅ​ចំណុច​មួយ​ក្បែរ​ខ្សែបន្ទាត់ NLL ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ ការបាញ់​សាកល្បង​មី​ស៉ី​ល​ចម្រុះ​ប្រភេទ​សរុប​១០​គ្រាប់ របស់​កូរ៉េខាងជើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​នោះ​។ ក្នុង​ការបាញ់​តេស្ត​មី​ស៉ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង ទីក្រុង​សេ​អ៊ូ​ល​ទទួលស្គាល់ថា មាន​មី​ស៉ី​ល​១​គ្រាប់​បាន​ធ្លាក់​នៅក្បែរ​ដែនទឹក​កូរ៉េ​ខាងត្បូង ជា​លើកដំបូង​។​

​ការធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​១​ខែវិច្ឆិកា បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង បញ្ឈប់​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ដោយ​ចាត់ទុកថា នេះ​ជា​ទង្វើ​បង្កហេតុ​ដែល​នឹង​ជំរុញឱ្យមាន​ការចាត់វិធានកា​រ​ឆ្លើយតប​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​។ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាននិងកំពុង​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​រួមគ្នា ដោយមាន​ការចូលរួម​ពី​យន្ដហោះ​ចម្បាំង​សរុប​ជាង​២៤០​គ្រឿង ដែល​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ចំពោះមុខ​ការព្រួយបារម្ភ​ថា​កូរ៉េខាងជើង​អាច​នឹងធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​ឆាប់ៗ​នេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close