រថយន្ត​បំពាក់​ឧបករណ៍​អង្កេត​ពិនិត្យ​ស្ពាន និង​ឧបករណ៍​បច្ចេកទេស​ទំ​នើ​ប​ថ្មីៗ​មួយចំនួន ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជា​ទិញយក​មកប្រើប្រាស់ ដើម្បី​សម្រួល​លើ​ការងារ​ត្រួតពិនិត្យ និង​ថែទាំ​ស្ពាន ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​សុវត្ថិភាព

​ខេត្តកណ្តាល​៖ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង និង​តំណាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​គុណភាព​ស្ពាន​ព្រែ​កតា​មាក់ ដោយ​ប្រើប្រាស់​រថយន្ត​បំពាក់​ឧបករណ៍​អង្កេត​ពិនិត្យ​ស្ពាន រ៉ូ​បូត​ត្រួតពិនិត្យ​ខ្សែកាប​ស្ពាន និង​ឧបករណ៍​ត្រួតពិនិត្យ​លំ​ញ័រ ស្ពាន​ផងដែរ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ស្ពាន​ព្រែក​តា​មាក់ ក៏ដូចជា​ដើម្បី​បង្ហាញ​ពី​របៀប​ប្រើប្រាស់​គ្រឿងចក្រ និង​ឧបករណ៍​បច្ចេកទេស​ថ្មីៗ ជូនទៅ​កាន់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​សំដៅ​ពង្រឹង និង​ពង្រីក​បន្ថែម​លើ​សមត្ថភាព​ការងារ​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​នៅ​ទូទាំងប្រទេស​។​

​ក្នុង​ដំណើរ​បេសកកម្ម​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះទៅពិនិត្យ​ដោយផ្ទាល់​នូវ​សំណង់​បាត​ស្ពាន​ផ្នែក​ខាងក្រោម​នៃ​ស្ពាន​ព្រែក​តា​មាក់ តាមរយៈ​រថយន្ត​បំពាក់​ឧបករណ៍​អង្កេត​ពិនិត្យ​ស្ពាន​មួយ​នេះ ដើម្បី​ពិនិត្យ​ឱ្យដឹងថា​ស្ពាន​មាន​ស្នាម​ប្រេះស្រាំ និង​បញ្ហា​ខូច ឬ​យ៉ាងណា​។

​បន្ទាប់ពី​ការចុះពិនិត្យ​ដោយផ្ទាល់​រួចមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើងថា​៖ ការប្រើប្រាស់​រថយន្ត​បំពាក់​ឧបករណ៍​អង្កេត​ពិនិត្យ​ស្ពាន​នេះ បានផ្តល់​នូវ​ភាពងាយស្រួល និង​មាន​ភាព​សុ​ក្រឹត្យ​ជាង​ការចុះ​ពិនិត្យមើល​បាត​ស្ពាន​កាលពីពេល​កន្លងមក​ដែល​ដោយ​គ្មាន​ឧបករណ៍​ប្រភេទ​នេះ និង​បាន​បញ្ជាក់បន្ថែម ថា​៖ រថយន្ត​ដែល​បំពាក់​ឧបករណ៍​អង្កេត​ពិនិត្យ​ស្ពាន​ប្រភេទ​នេះ មាន​លក្ខណៈ​ទំនើប មាន​សមត្ថភាព​ខ្ពស់​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​១០​នាក់​សម្រាប់​ការចុះទៅ​ពិនិត្យមើល​បាត​ស្ពាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close