សមត្ថកិច្ចចាប់ខ្លួនលោក ឆែ សូនី ចៅសង្កាត់បាក់ខែង បញ្ជូនឱ្យតុលាការ រឿងក្លែងឯកសារលួចដីគេលក់ តែចាប់ព្រឹកលែងល្ងាច!

(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញដុតដៃដុត ជើងចាប់ខ្លួនលោក ឆែ សូនី ចៅសង្កាត់បាក់ខែងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសម្រេចចោទប្រកាន់ និងដាក់គុក តាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ មិនបានប៉ុន្មានម៉ោងផង លោក ឆែ សូនី ចៅសង្កាត់បាក់ខែង ត្រូវលោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលា ដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនលោក ឆែ សូនី បានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងក្លែងឯកសារសាធារណៈ និងលួចលក់អចលនទ្រព្យអ្នកដទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៥ និង២០០៦។ លោកចៅក្រម បានចេញដីកាបង្គាប់ឱ្យនាំខ្លួនលោក ឆែ សូនី យកទៅតុលាការ ដោយសារតែលោកចៅ សង្កាត់រូបនេះ មិនព្រមចូលខ្លួនទៅតុលាការ តាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន៣លើក តាមកាលកំណត់របស់តុលាការ។

ពាក់ព័ន្ធករណីនេះភ្នាក់ងារអ្នកសារព័ត៌មាន កំពុងស្វែងសុំការបំភ្លឺពីលោក ឆែ សូនី ចៅសង្កាត់បាក់ខែង និង លោកចៅក្រម ប៊ុន ធី ពុំទាន់បាននៅឡើយទេដោយទូរស័ព្ទតេចូលគ្មានអ្នកទទួល ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close