សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ឡើង​ភ្នំ​ធម្មជាតិ កម្រិត​មូលដ្ឋាន​

​ខេត្តកំពត​៖ លោក ម៉ម សុថា​រិន្ទ ប្រធាន​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ឡើង​ភ្នំ​ធម្មជាតិ កម្រិត​មូលដ្ឋាន ឆ្នាំ​២០២២ នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ក្នុង​ពិធី​នេះ​មានការ​ចូលរួម​លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ណុប ណាប់ ប្រធានការិយាល័យ​កីឡា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពត តំណាង​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​កំពង់ត្រាច និង​សិក្ខាកាម​ទាំងអស់​។​

​លោក ម៉ម សុថា​រិន្ទ ប្រធាន​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត របស់​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​គ្រូបង្វឹក ដើម្បី​ទៅ​បង្ហាត់​ដល់​កីឡាករ​-​កីឡាការិនី​ប្រកបដោយ​ប្រសិទ្ធិភាព ពីព្រោះ​ប្រភេទ​កីឡា​ឡើង​ភ្នំ​ធម្មជាតិ មានការ​ពេញនិយម នៅ​បរទេស​ទាំង​អាស៊ី និង​នៅ​អឺរ៉ុប​។

​ដើម្បី​ចូលរួម​សកម្មភាព នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា ខិតខំ​ជំរុញ​បំផុស​ឲ្យ​ប្រជាជន​កម្ពុជា បាន​ស្គាល់​បានដឹង និង​ចេះ​លេង​កីឡា​មួយ​នេះ ព្រោះ​ប្រទេស​កម្ពុជា យើង​ជា​ប្រទេសមួយ​សំបូរ​ទៅដោយ​ភ្នំ​ធម្មជាតិ មាន​លក្ខណៈ​ល្អ​សម្រាប់​បម្រើ​ឲ្យ វិស័យ​កីឡា​ឡើង​ភ្នំ​ធម្មជាតិ ជាពិសេស​ភ្នំ​កំពង់ត្រាច​យើង​នេះ តាមរយៈ​ការចុះពិនិត្យ​ផ្ទាល់ របស់​មន្ត្រី​ជំនាញ​លោក Maman Hermansyah ជា​ប្រធាន​ទទួលបន្ទុក​បច្ចេកទេស SEACF កាលពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ គាត់​បាន​បញ្ជាក់ថា ភ្នំ​កំពង់ត្រាច​មាន​លក្ខណៈ​ល្អ អាច​ឲ្យ​យើង​រៀបចំ​ព្រឹត្តិការណ៍ កីឡា​ឡើង​ភ្នំ​ជា​លក្ខណៈ​អន្តរជាតិ​បាន​។​

​លោក​ប្រធាន​សហព័ន្ធ​បាន​បន្ថែមទៀតថា ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​ភ្នំ​កំពង់ត្រាច​នេះ សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា សម្រេច​ជ្រើសរើស​រៀបចំ​វគ្គ​គ្រូបង្វឹក​កីឡា​លើង​ភ្នំ​ធម្មជាតិ​នេះ ជា​លើកដំបូង​នៅ​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ប្រជាជន ដែល​នៅ​ជិត​តំបន់ភ្នំ​កំពង់ត្រាច​នេះ បាន​ប្រើប្រាស់​ភ្នំ បាន​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព កាត់បន្ថយ​សេវា​សុខាភិបាល និង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ នាំ​ចំណូល​ដល់​ប្រជាជន នៅក្នុង​មូលដ្ឋាន​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ប្រធាន​សហព័ន្ធ​បាន​បញ្ជាក់ថា សហព័ន្ធ​កីឡា​ឡើង​ភ្នំ​អាស៊ីអាគ្នេយ៍ មានបំណង​ចង់ឱ្យ ប្រទេស​ដែលជា​សមាជិក និង​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​អន្តរជាតិ​គាំទ្រ ឱ្យ​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា​យើង ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ប៉ុន្តែ​ពិនិត្យ​មើលទៅ​ឃើញថា យើង​ពុំទាន់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ​ទេ​។

​ការធ្វើជា​ម្ចាស់ផ្ទះ​យើង​ត្រូវ​ផ្តោតលើ​លទ្ធផល រំពឹងទុក​សំខាន់ៗ ៤​គឺ​ទី​១ ត្រូវមាន​កីឡាករ​ល្អៗ​ចូលរួម​ប្រកួត អាច​ទទួលបាន​មេដាយ ទី​២ មាន​គណៈកម្មការ​បច្ចេក​ទេស​កម្រិត​អន្តរជាតិ ចូលរួម​ដឹកនាំ​ការប្រកួត​ជាមួយ​គណៈកម្មការ មកពី​អន្តរជាតិ ទី​៣ ត្រូវមាន​ជញ្ជាំង​លក្ខណៈ​តង់​ដា​អន្តរជាតិ សម្រាប់​រៀបចំ និង​ទី​៤ សង្ឃឹមថា​រូបភាព​ជា​ម្ចាស់ផ្ទះ ចេញមក​ល្អ មានការ​កោតសរសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close