សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧។
នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមកម្មវិធីជំនួបដោយឡែកពីគ្នាជាមួយតំណាងនៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។
ថ្នាក់ដឹកនាំក៏នឹងចូលរួមក្នុងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។
នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។ នៅរវាងកិច្ចប្រជុំដែលបានគ្រោង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខប្រតិភូមួយចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ។ លោកក៏រំពឹងថានឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស និងឥស្សរជនមួយចំនួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។