សង្គមរដ្ឋមន្រ្តីក្រសួងសាធារណការ លើកទឹកចិត្តប្រជាពលរដ្ឋប្រើប្រាស់កម្មវិធី ROAD CARE mobile app ដើម្បីរាយការណ៍ពីផ្លូវខូច
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះ បានរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងពិធីនៅព្រឹកមិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពផ្លូវ ដែលទាមទារឲ្យមានការជួសជុល និងថែទាំទូទាំងប្រទេស តាម រយៈការរាយការណ៍ពីស្ថានភាពជង្ហុក សំបុកមាន់ និងផ្លូវខូចដោយអ្នកប្រើប្រាស់។
ឯកឧត្តមបន្តថា កម្មវិធីថែទាំផ្លូវនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន តាមរយៈការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកើតឡើងដោយសារជង្ហុកសំបុកមាន់ និងផ្លូវខូចព្រមទាំងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ឯកឧត្តមក៏សូមអំពាវនាវដល់ថ្នាក់គ្រប់គ្រងបច្ចេកទេសផ្លូវថ្នល់ អង្គភាពទទួលបន្ទុកបច្ចេកទេសជួសជុលថែទាំផ្លូវថ្នល់ អ្នកអនុវត្តការងារជួសជុលថែទាំផ្លូវថ្នល់ ត្រួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹងការងារសាងសង់ ជួសជុលថែទាំផ្លូវឲ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវពង្រឹងទៅលើស្តង់ដារគុណភាពផ្លូវ ជួសជុលផ្លូវអោយបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីថែទាំផ្លូវ(ROAD CARE mobile app) នេះ ដើម្បីរាយការណ៍អំពីជង្ហុកសំបុកមាន់ស្ថានភាពផ្លូវខូច ហើយផ្ដល់ព័ត៌មានណាដែលជាក់លាក់ និងពិតប្រាកដ។ ឯកឧត្តមក៏បានស្នើកុំឲ្យយករូបភាពចែករំលែកតគ្នា បញ្ជូនចូលក្នុងកម្មវិធីនេះ ព្រោះរូបភាពទាំងនោះ មិនអាចផ្ដល់ព័ត៌មានជាក់លាក់ពីទីតាំងពិតប្រាកដ ម្យ៉ាងវិញទៀតទីតាំងផ្លូវខ្លះអាចគេជួសជុលរួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។