សម្តេច​តេ​ជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ទាំងអស់ ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​

​ភ្នំពេញ​៖ នៅមុន​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន និង​បណ្តា​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដែល​បាន​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។​

​បណ្តា​មេដឹកនាំ​អាស៊ាន ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​មានតែ​៩​រូប​ប៉ុណ្ណោះ ខណៈដែល​មេដឹកនាំ​នយោបាយ​មី​យ៉ាន់​ម៉ា មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ ដោយសារតែ​ការអនុវត្ត​មិនបាន​ពេញលេញ នូវ​គោលការណ៍​កុងសង់ស៊ីស​៥​ចំណុច​។​

​កិច្ចប្រជុំ​កំពូល ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ធ្វើឡើង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១០ ដល់ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ មាន​ព្រឹត្តិការណ៍​ដូចជា​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២៣ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​៣០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​១០ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី លើក​ទី​២ កិច្ចប្រជុំ​កំពូល​រំ​ព្ញ​ក​ខួប​នៃ​ទំនាក់ទំនង​អាស៊ាន​-​កាណាដា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​អា​ស៉ី​បូព៌ា លើក​ទី​១៧ ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close