រុស្ស៊ី មានយុទ្ធសាស្ត្រអ្វីបន្ថែមទៀត ក្រោយសម្រេចដកទាហានចេញពីតំបន់ Kherson
អគ្គលេខាណាតូ ៖មិនត្រូវមើលស្រាលរុស្ស៊ីនោះឡើយ បើទោះដកទាហានចេញពីតំបន់ Kherson នោះឡើយ ។ ប្រមុខអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃពុធសប្តាហ៍នេះ បានសាទរចំពោះការដកថយរបស់កងទ័ពរុស្ស៊ីចេញពី ច្រាំងខាងលិច នៃទន្លេឌីនីប្រូ ថាជាជ័យជម្នះសម្រាប់អ៊ុយក្រែន តែលោកបានជំរុញដល់លោកខាងលិចកុំមើលស្រាលលទ្ធភាពរបស់ទីក្រុងមូស្គូ ក្នុងការត្រលប់មកវិញ។
នៅពេលត្រូវបានសួរអំពីការដកថយរបស់កងទ័ពរុស្ស៉ី លោក ស្តូលធិនបឺគ បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស យ៉ាងដូច្នេះថា «កងកម្លាំងរបស់ ទីក្រុងកៀវ ចាំបាច់ត្រូវពង្រឹងសមត្ថភាពដើម្បីរំដោះទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយយើងត្រូវតែធ្វើឲ្យប្រាកដថា ការគាំទ្រដែលពួកគេទទួលបានពីចក្រភពអង់គ្លេស ពីសម្ព័ន្ធមិត្ត និងដៃគូណាតូ គឺមិនអាចខ្វះបាន»។
លោក ស្តូលធិនបឺគ បានបន្ថែមថា «យើងបានឃើញការប្រកាសនេះហើយ ប៉ុន្តែយើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើងបន្តទៀត។ យើងមិនគួរមើលស្រាលរុស្ស៊ីឡើយ។ ពួកគេនៅតែមានសមត្ថភាព។ ជាការពិត ការវាយប្រហារដោយមីស៉ីល និងដ្រូន រយៈពេលជាង១ខែនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់អ៊ុយក្រែន ក៏ដូចជាសម្លាប់ជនស៉ីវិលផងដែរ»។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃពុធនេះ បានបញ្ជាឲ្យកងទ័ពរុស្ស៉ី ដកខ្លួនចេញពីទីក្រុងខឺសុន ភាគខាងត្បូងប្រទេសអ៊ុយក្រែនជាទីដែល កងកម្លាំងអ៊ុយក្រែន បាន និងកំពុងវាយបកយ៉ាងលឿនឆ្ពោះទៅមុខជាច្រើនសប្តាហ៍កន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។